Go to full page →

១ កុម្ភៈ PPKh1 65

“ដោយសារសេចក្តីជំនឿ នោះព្រះបានមានបន្ទូលពន្យល់លោកណូអេពីការដែលមើលមិនទាន់ឃើញនៅឡើយ ហើយដោយលោកមានសេចក្តីកោតខ្លាច បានជាលោកធ្វើទូកមួយយ៉ាងធំ សម្រាប់នឹងជួយសង្គ្រោះដល់ពួកគ្រួសាររបស់លោក ហើយលោកបានកាត់ទោសលោកិយដោយការនោះ ក៏ត្រឡប់ជាអ្នកគ្រងសេចក្តីសុចរិត ដែលត្រូវខាងសេចក្តីជំនឿ ទុកជាមរតកដែរ”។ នៅពេលដែលលោកណូអេប្រកាសព្រមានអំពីដំណឹងនេះ ជំនឿរបស់គាត់នៅរឹងមាំដដែល ដែលជាភស្តុតាងនិងជាគំរូអំពីការជឿទៅលើអ្វីដែលព្រះមានព្រះបន្ទូល។ គាត់បានយករបស់របរដែលគាត់មានទាំងប៉ុន្មាន ដើម្បីលះបង់ដើម្បីធ្វើទូកនេះ។ នៅពេលដែលគាត់បានចាប់ផ្តើសាងសង់ទូកដ៏ធំសំបើមនេះ ហ្វូងមនុស្សបានមកពីគ្រប់ទិសទី ដើម្បីមើលសំណង់ចម្លែកនេះ និងដើម្បីស្តាប់ពាក្យសំដីដ៏ស្មោះត្រង់របស់អ្នកផ្សាយដំណឹងរូបនោះ។ PPKh1 65.2

ដំបូងឡើយ មនុស្សជាច្រើនហាក់ដូចជាទទួលជឿការព្រមាននោះ តែគេមិនបានបែរមករកព្រះ ដោយការកែប្រែចិត្តពិតប្រាកដឡើយ។ ដោយសារឥទ្ធិពលនៃការមិនជឿដ៏ទូលំទូលាយ ទីបំផុត ពួកគេបានរួមដៃជាមួយមនុស្សដែលគេធ្លាប់រាប់អាន ដែលបដិសេធន៍សារដ៏ឱឡារិកនេះ។ អ្នកខ្លះបានដឹងកំហុសខ្លួន ហើយបានយកចិត្តទុកដាក់នឹងការព្រមាននោះ តែមនុស្សជាច្រើនចំអកឱ្យលោកណូអេ ដោយបានប្រឆាំងនឹងការអញ្ជើញនៃសេចក្តីមេត្តាករុណា ហើយមិនយូរប៉ុន្មានក៏បានចូលរួមជាមួយនឹងពួកមនុស្សដែលសើចចំអកមើលងាយ។ គ្មានអ្នកណាដែលមានបាបធ្ងន់ជាងអ្នកដែលធ្លាប់មានពន្លឺម្តងហើយ តែបានប្រឆាំងនឹងវិញ្ញាណរបស់ព្រះដែលបង្ហាញឱ្យស្គាល់បាបនោះឡើយ។ PPKh1 66.1

នៅសម័យនោះ មិនមែនមនុស្សទាំងអស់សុទ្ធតែជាអ្នកថ្វាយបង្គំរូបព្រះទេ។ មនុស្សជាច្រើនបានអះអាងថាជាអ្នកថ្វាយបង្គំព្រះ។ ពួកគេបាននិយាយថារូបព្រះរបស់គេគឺជាតំណាងឱ្យព្រះ និងថាតាមរយៈរូបព្រះទាំងនោះមនុស្សអាចទទួលបាននូវគំនិតស្តីអំពីព្រះកាន់តែច្បាស់។ ពួកមនុស្សបែបនេះគឺជាអ្នកដឹកនាំក្នុងការច្រានចោលនូវការអធិប្បាយរបស់លោកណូអេ ហើយទីបំផុត ពួកគេប្រកាសថា ក្រឹត្យវិន័យរបស់ព្រះលែងមានអានុភាពទៀតហើយ និងថាក្រឹត្យវិន័យនោះប្រឆាំងនឹងចរិតលក្ខណៈរបស់ព្រះ ក្នុងការដាក់ទណ្ឌកម្មដល់អ្នកដែលមិនស្តាប់បង្គាប់ថែមទៀតផង។ គំនិតរបស់ពួកគេបានទៅជាងងឹតសូន្យឈឹង ដោយការបដិសេធន៍ពន្លឺដែលពួកគេជឿថាសាររបស់លោកណូអេពិតជាបំភាន់ (គំនិត)។ PPKh1 66.2

ពិភពលោកនេះបានប្រឆាំងទៅនឹងសេចក្តីយុត្តិធម៌របស់ព្រះ និង ក្រឹត្យវិន័យរបស់ទ្រង់ ហើយលោកណូអេត្រូវបានគេចាត់ទុកថាជាមនុស្ស ឆ្កួត។ មនុស្សខ្ពង់ខ្ពស់ មនុស្សនៃលោកិយ អ្នកមានកិត្តិយស និងអ្នកមានប្រាជ្ញាគេនិយាយថា “ការគំរាមរបស់ព្រះគ្រាន់តែជាគោលបំណងនៃការបំភ័យប៉ុណ្ណោះ ហើយវាមិនដែលកើតឡើងឡើយ។ ការវិនាសនៃពិភពលោកនេះដោយសារព្រះដែលបានបង្កើតវាមក និងការដាក់ទណ្ឌកម្មដល់មនុស្សដែលទ្រង់បានបង្កើតមកនោះនឹងមិនកើតឡើងទេ។ កុំខ្លាចអី ណូអេគឺជាមនុស្សចម្កួតព្រៃផ្សៃទេ”។ ពួកគេបានបន្តការមិនស្តាប់បង្គាប់និងអំពើអាក្រក់របស់គេតទៅទៀត ធ្វើហាក់ដូជាព្រះមិនបានមានបន្ទូលតាមរយៈអ្នកបម្រើរបស់ទ្រង់ឡើយ។ PPKh1 67.1

ប៉ុន្តែ លោកណូអេឈររឹងមាំដូចជាថ្មដានៅកណ្តាលខ្យល់ព្យុះ។ ការភ្ជាប់ទំនាក់ទំនងជាមួយនឹងព្រះ បានធ្វើឱ្យគាត់រឹងមាំនៅក្នុងកម្លាំងនៃអំណាច។ សំឡេងដ៏ឱឡារិករបស់គាត់បានឮដល់ត្រចៀកមនុស្សនៅជំនាន់នោះអស់មួយរយម្ភៃឆ្នាំ ដោយព្រមានអំពីព្រឹត្តិការណ៍ដ៏អស្ចារ្យ ដែលប្រាជ្ញារបស់មនុស្សមិនអាចវិនិច្ឆ័យបាន។ PPKh1 67.2