Go to full page →

១៧ មីនា PPKh1 157

ជាច្រើនឆ្នាំបានកន្លងផុតទៅ។ អ៊ីសាកក៏កាន់តែចាស់ ហើយងងឹតភ្នែកទៀតផង គាត់មិនអាចរស់នៅបានយូរតទៅទៀតទេ គាត់ក៏មិនពន្យារពេលក្នុងការឱ្យពរដល់កូនច្បងរបស់គាត់តទៅទៀតដែរ។ ប៉ុន្តែដោយដឹងពីការប្រឆាំងពីនាងរេបិកានិងយ៉ាកុប គាត់ក៏បានសម្រេចចិត្តប្រារឰពិធីដ៏អស្ចារ្យនេះជាសម្ងាត់វិញ។ គាត់បានបង្គាប់ដល់អេសាវថា “ចូរឯងយកគ្រឿងប្រដាប់មកឥឡូវ គឺបំពង់ព្រួញនឹងធ្នូ ហើយចេញទៅឯវាល ដើម្បីនឹងបាញ់សត្វយកមក រួចរៀបជាម្ហូបយ៉ាងឆ្ងាញ់តាមដែលអញចូលចិត្ត មកឱ្យអញស៊ីម្តង ដើម្បីឱ្យអញឱ្យពរដល់ឯង ក្នុងពេលមុនដែលអញស្លាប់”។ PPKh1 157.1

រេបិកាបានប្រាប់រឿងរ៉ាវដែលបានកើតឡើង ដោយជំរុញឱ្យយ៉ាកុបចាត់ការជាបន្ទាន់ ដើម្បីកុំឱ្យពរនេះធ្លាក់ទៅលើអេសាវ។ នាងបានបញ្ជាក់ប្រាប់ដល់កូនរបស់នាងថា ប្រសិនបើគេធ្វើតាមការណែនាំរបស់នាង គេនឹងទទួលបាននូវសិទ្ធិជាកូនច្បងតាមការសន្យារបស់ព្រះជាមិនខាន។ យ៉ាកុបមិនបានយល់ព្រមភ្លាមទេ។ គំនិតនៃការបោកបញ្ឆោតដល់ឪពុករបស់ខ្លួនបាន ធ្វើឱ្យគាត់ឈឺចាប់ជាខ្លាំង។ អំពើបាបបែបនេះអាចនឹងនាំមកនូវបណ្តាសា ជាជាងព្រះពរ។ PPKh1 157.2

ប៉ុន្តែ ទីបំផុត គាត់ក៏បានយល់ព្រម ហើយអនុវត្តតាមយោបល់ម្តាយរបស់គាត់។ គាត់មិនមានបំណងនិយាយកុហកទាំងស្រុងទេ ប៉ុន្តែ នៅចំពោះវត្តមាននៃឪពុករបស់ខ្លួន គាត់ហាក់ដូចជាបានជ្រុលខ្លួនដកថយលែងរួច ហើយគាត់ក៏បានទទួលព្រះពរដែលគាត់ចង់បានឥតខ្មាសនេះ ដោយការលួច បន្លំ។ PPKh1 157.3

ផលវិបាកនៃការបោកបញ្ឆោត PPKh1 158

យ៉ាកុបនិងរេបិកាមានជោគជ័យតាមផែនការរបស់ខ្លួន។ ប៉ុន្តែ ពួកគេបានទទួលត្រឹមតែទុក្ខព្រួយ ដោយការបោកបញ្ឆោតនោះប៉ុណ្ណោះ។ ព្រះបានប្រកាសថា យ៉ាកុបជាអ្នកទទួលសិទ្ធិជាកូនច្បង ហើយព្រះបន្ទូលរបស់ទ្រង់នឹងត្រូវបានសម្រេច ប្រសិនបើពួកគេរង់ចាំឱ្យទ្រង់ចាត់ការ។ នាងរេបិកាបានសោកស្តាយយ៉ាងជូរចត់ចំពោះដំបូន្មានដែលនាងបានផ្តល់ទៅឱ្យកូនប្រុសរបស់នាង។ យ៉ាកុបមានបន្ទុកធ្ងន់ពន់ពេក ដោយការស្តីបន្ទោសខ្លួនឯង។ គាត់បានធ្វើបាបទាស់នឹងឪពុករបស់ខ្លួន បងប្រុសរបស់ខ្លួន និងខ្លួនឯង ព្រមទាំងទាស់នឹងព្រះផង។ នៅក្នុងរយៈពេលមួយម៉ោងយ៉ាងខ្លី គាត់បានផ្តល់ មេរៀន នៃការកែប្រែចិត្តអស់មួយជីវិត។ រឿងនេះបានដក់ជាប់ក្នុងចិត្តគាត់អស់រយៈពេលជាច្រើនឆ្នាំក្រោយមកទៀត ពេលដែលបណ្តាសាដ៏អាក្រក់នៃការឈឺ-ចាប់នៃកូនរបស់ខ្លនបានចាក់ទម្លុះចិត្តរបស់គាត់។ PPKh1 158.1

យ៉ាកុបចេញទៅសឹងតែមិនទាន់ផុតផង អេសាវក៏ចូលមកដល់។ ទោះបីជាគាត់បានលក់សិទ្ធិជាកូនច្បងទៅហើយក៏ដោយ ក៏គាត់នៅតែចង់រក្សាព្រះពរនោះដែរ។ ជាមួយនឹងព្រះពរខាងព្រលឹងវិញ្ញាណ មានភ្ជាប់ទៅនឹងសិទ្ធិជាកូនច្បងបណ្តោះអាសន្ន ដែលនឹងផ្តល់ដល់គាត់នូវសិទ្ធិជាមេ-គ្រួសារ និងចំណែកទ្រព្យសម្បត្តិរបស់ឪពុកគាត់ទ្វេមួយជាពីរ។ គាត់និយាយ ថា “អញ្ជើញលោកឪពុកក្រោកឡើង ពិសាសាច់ដែលកូនបានបាញ់មក ដើម្បីនឹងបានឱ្យពរដល់ខ្ញុំ”។ PPKh1 158.2

ដោយការឈឺចាប់និងភ្ញាក់ផ្អើល ឪពុកដ៏ចំណាស់ដែលងងឹតភ្នែកផងនោះបានដឹងពីការបោកបញ្ឆោតដែលគេបានធ្វើទៅលើគាត់។ គាត់ដឹងយ៉ាងច្បាស់នូវការខកចិត្តដែលត្រូវធ្លាក់ទៅលើកូនច្បងរបស់គាត់។ ប៉ុន្តែ ការដឹងកំហុសបានបញ្ចាំងចូលទៅក្នុងគំនិតរបស់គាត់ថាគឺជាការដឹកនាំរបស់ព្រះ ដែលបាននាំឱ្យកើតរឿងរ៉ាវទាំងឡាយដែលគាត់បានប្តេជ្ញាចិត្តត្រូវបានរារាំងយ៉ាងដូច្នេះ។ គាត់បាននឹកចាំពីបន្ទូលរបស់ទេវតា ប្រាប់ដល់រេបិកា ហើយគាត់បានឃើញថាយ៉ាកុបគឺជាមនុស្សដែលស័ក្តិសមនឹងបំពេញតាមគោលបំណងរបស់ព្រះ។ ខណៈដែលពាក្យពេចន៍ឱ្យពរនៅនឹងបបូរមាត់របស់គាត់ គាត់បានដឹងថាព្រះវិញ្ញាណបានបណ្តាលចិត្តគាត់ ហើយឥឡូវនេះ គាត់បានបញ្ជាក់ពីការឱ្យពរដែលគាត់បានឱ្យដល់យ៉ាកុបដោយអចេតនាថា “អញក៏ឱ្យពរដល់វាទៅ ហើយវានឹងបានពរមែន”។ PPKh1 158.3