Go to full page →

៤ មិថុនា PPKh2 48

ខចងចាំប្រចាំសប្តាហ៍ ៖ ដ្បិតគឺដោយព្រះគុណ ដែលអ្នករាល់គ្នា បានសង្គ្រោះ ដោយសារសេចក្តីជំនឿ ហើយសេចក្តីនោះក៏មិនមែនកើតពីអ្នករាល់គ្នាដែរ គឺជាអំណោយទានរបស់ព្រះវិញ។ អេភេសូរ ២ : ៨ PPKh2 48.1

លោកម៉ូសេបានយកស្បៃមកបាំងមុខរបស់គាត់ ហើយនៅតែបន្តធ្វើដូច្នេះ នៅពេលដែលលោកបានត្រឡប់មកពីជួបជាមួយនឹងព្រះ ហើយវិលចូលទៅទីដំឡើងត្រសាលវិញ។ PPKh2 48.2

ដោយពន្លឺចែងចាំងនេះ ព្រះមានបំណងចង់បញ្ជាក់ប្រាប់ដល់សាសន៍អ៊ីស្រាអែលអំពីលក្ខណៈដ៏ខ្ពង់ខ្ពស់នៃច្បាប់របស់ព្រះអង្គ និងជាសិរីរុងរឿងនៃដំណឹងល្អដែលបានបើកបង្ហាញតាមរយៈព្រះគ្រិស្ត។ ខណៈដែលលោកម៉ូសេនៅលើភ្នំ ព្រះជាម្ចាស់មិនបានប្រទានដល់គាត់ត្រឹមតែបន្ទះថ្មនៃក្រឹត្យវិន័យដប់ប្រការប៉ុណ្ណោះទេ ប៉ុន្តែ ទ្រង់ថែមទាំងប្រទាននូវផែនការនៃសេចក្ដីសង្គ្រោះដល់គាត់ទៀតផង។ លោកបានឃើញការលះបង់របស់ព្រះគ្រិស្ត ដែលបង្ហាញឱ្យដឹងជាមុនដោយតំណាងនិងនិមិត្តរូបនៃសម័យសាសន៍ យូដា នេះហើយគឺជាពន្លឺដែលភ្លឺជះចេញពីភ្នំកាល់វ៉ារីដែលមិនខ្សោយជាងសិរីល្អនៃក្រឹត្យវិន័យរបស់ព្រះជាម្ចាស់ ដែលបានបណ្តាលឱ្យមានពន្លឺភ្លឺចាំងចេញពីមុខរបស់លោកម៉ូសេនោះឡើយ។ PPKh2 48.3

សិរីរុងរឿងចាំងចេញពីមុខរបស់លោកម៉ូសេបញ្ជាក់ថា យើងមានទំនាក់ទំនងកាន់តែជិតទៅនឹងព្រះ ហើយមានចំណេះដឹងអំពីតម្រូវការរបស់ទ្រង់កាន់តែច្បាស់ នោះយើងកាន់តែមានលក្ខណៈដូចជាព្រះកាន់តែខ្លាំងឡើងដែរ។ PPKh2 49.1

ព្រះគ្រិស្ត (ដែលជាអ្នកសម្របសម្រួលរបស់យើងជាមួយនឹងព្រះ) បានបើកស្បៃនៃភាពជាព្រះរបស់ទ្រង់ឱ្យមនុស្សបានឃើញ នៅពេលដែលទ្រង់បានយាងមកកាន់ផែនដីនេះ ដូចជាលោកម៉ូសេបានបើកស្បៃមុខរបស់គាត់ឱ្យសាសន៍អ៊ីស្រាអែលបានឃើញមុខដូច្នោះដែរ។ ប្រសិនបើទ្រង់បានយាងមកដោយបានប្រដាប់ព្រះកាយដោយពន្លឺនៃឋានសួគ៌ នោះមនុស្សមានបាបមិនអាចទ្រាំទ្រនឹងសិរីរុងរឿងនៃព្រះវត្តមានរបស់ទ្រង់បានឡើយ។ ដូច្នេះ ទ្រង់បានបន្ទាបអង្គទ្រង់ ហើយបានធ្វើឱ្យមាន “រូបអង្គដូចជាសាច់ដែលតែងតែមានបាប” (រ៉ូម ៨:៣) ដែលទ្រង់អាចនឹងចូលដល់ពូជមនុស្សដែលបានធ្លាក់ចុះ ហើយលើកគេឡើង។ PPKh2 49.2

*****