Go to full page →

៦ វិច្ឆិកា PPKh3 139

ខព្រះគម្ពីរប្រចាំថ្ងៃ ៖ ហើយគ្រប់ទាំងសេចក្តីអ្វី ដែលអ្នករាល់គ្នានឹងអធិស្ឋានសូម ដោយមានចិត្តជឿ នោះនឹងបានសំរេចទាំងអស់។ ម៉ាថាយ ២១:២២ PPKh3 139.1

នៅពេលដែលសាសន៍អ៊ីស្រាអែលបានប្រកាសសង្គ្រាមទាស់នឹងកងទ័ពភីលីស្ទីន កូនប្រុសទាំងបីរបស់លោកអ៊ីសាយបានចូលរួមនៅក្នុងកងទ័ព នៅក្រោមការគ្រប់គ្រងរបស់ស្តេចសូល តែដាវីឌនៅឯផ្ទះ។ ទោះបីជាយ៉ាងនេះក៏ដោយ មួយរយៈក្រោយមក ដាវីឌក៏បានធ្វើដំណើរទៅកាន់ជំរំកងទ័ព។ ឪពុករបស់គាត់បានឱ្យគាត់នាំដំណឹងនិងស្បៀងអាហារខ្លះទៅឱ្យបងៗដែលនៅក្នុងជួរកងទ័ព។ ប៉ុន្តែ លោកអ៊ីសាយមិនបានដឹងថាកងទ័ពអ៊ីស្រាអែល កំពុងស្ថិតនៅក្នុងគ្រោះថ្នាក់ និងថាទេវតាមួយអង្គបានដឹកនាំដាវីឌឱ្យជួយ សង្រ្គោះរាស្រ្តរបស់គាត់នោះទេ។ PPKh3 139.2

នៅពេលដែលដាវីឌបានចូលមកដល់ជិតទីបោះទ័ព ទាហានអ៊ីស្រាអែលនិងទាហានភីលីស្ទីនបានប្រឈមមុខគ្នានៅខ្សែត្រៀមជួរមុខ ប្រុងប្រៀប នឹងប្រយុទ្ធគ្នា។ កូលីយ៉ាត ជាទាហានដ៏ខ្លាំងពូកែក្នុងកងទ័ពភីលីស្ទីនបានចេញមកដោយពាក្យប្រមាថដល់កងទ័ពអ៊ីស្រាអែល ឱ្យចាត់ទាហានម្នាក់ពីកងទ័ពរបស់ខ្លួនមកប្រយុទ្ធនឹងវា។ កាលដាវីឌបានដឹងថាទាហានភីលីស្ទីន នេះបានចោលពាក្យសំដីរករឿងមកលើកងទ័ពខ្លួន ពីមួយថ្ងៃទៅមួយថ្ងៃ ដោយ គ្មានអ្នកណាមួយហ៊ានចេញទៅបង្រា្កបភាពអំនួតរបស់វាដូច្នេះ គាត់មានចិត្តពុះពោរចង់ការពារកិត្ដិយសរបស់ព្រះជាម្ចាស់។ PPKh3 139.3

ពលទ័ពអ៊ីស្រាអែលមានការបាក់ទឹកចិត្តជាខ្លាំង។ ពួកគេបាននិយាយ គ្នាទៅវិញទៅមកថា “អ្នកបានឃើញមនុស្សនោះ ដែលឡើងមកឬទេ វាបានឡើងមក ដើម្បីប្រកួតនឹងសាសន៍អ៊ីស្រាអែលយើងនេះជាប្រាកដ”។ PPKh3 140.1

ដាវីឌបានស្រែកប្រកាសទាំងអៀនខ្មាស និងឈឺចិត្តថា “តើសាសន៍ភីលីស្ទីនដែលឥតកាត់ស្បែកនេះជាអ្វី បានជាហ៊ានប្រកួតនឹងពលទ័ពនៃព្រះដ៏មានព្រះជន្មរស់ដូច្នេះ”។ PPKh3 140.2

ទោះបីខ្លួនជាអ្នកគង្វាលចៀមក៏ដោយ ដាវីឌបានបង្ហាញភាពអង់អាច ភាពក្លាហាននិងកម្លាំងដែលគេកម្របានឃើញ ហើយដំណើរដ៏អាថ៌កំបាំងរបស់លោកសាំយូអែលមកកាន់ផ្ទះឪពុករបស់ពួកគេ បានធ្វើឱ្យពួកបងៗ មាន ការសង្ស័យចំពោះវត្ថុបំណងពិតប្រាកដនៃដំណើររបស់ដាវីឌ។ ការច្រណែនរបស់ពួកគេក៏ពុះកញ្រ្ជោលឡើង ។ PPKh3 140.3

ហើយឥឡូវនេះអេលាបជាបងបានចាត់ទុកសំណួរដែលដាវីឌបានសួរថាជាការស្តីបន្ទោសដល់ភាពកំសាករបស់ខ្លួន ក្នុងការមិនបានប៉ុនប៉ងបំបាក់សំឡេងក្អេងក្អាងរបស់យក្សកូលីយ៉ាតនេះ។ បងប្រុសម្នាក់នេះបានស្រែកទាំងកំហឹងថា “ឯងបានចុះមកធ្វើអី តើបានប្រគល់ហ្វូងចៀមតូចនោះ ដែលនៅទីរហោស្ថានទុកនឹងអ្នកណា អញស្គាល់សេចក្តីអំនួតនិងសេចក្តីអាក្រក់ដែលនៅក្នុងចិត្តឯងហើយ ដ្បិតឯងបានចុះមកដើម្បីឱ្យតែបានមើលចម្បាំងទេ”។ ចម្លើយរបស់ដាវីឌពោរពេញដោយការគោរព ប៉ុន្តែម៉ឺងម៉ាត់ថា “តើខ្ញុំមានធ្វើអី ខ្ញុំគ្រាន់តែនិយាយ១ម៉ាត់ទេតើ? ” PPKh3 140.4

គេបាននាំដាវីឌទៅគាល់ស្តេច PPKh3 140

មានគេបាននាំពាក្យរបស់ដាវីឌនេះ ទៅទូលដល់ស្តេច ហើយទ្រង់បានចាត់គេឱ្យហៅយុវជននេះមកជួបនឹងទ្រង់។ អ្នកគង្វាលចៀមបាននិយាយថា “សូមកុំឱ្យអ្នកណាស្លុតចិត្តដោយព្រោះវាឡើយ ទូលបង្គំជាបាវបម្រើរបស់ទ្រង់នឹងសូមចេញទៅតយុទ្ធនឹងសាសន៍ភីលីស្ទីននោះ”។ ស្តេចសូលបានព្យាយាមនិយាយជាមួយដាវីឌឱ្យចេញពីវាទៅ ប៉ុន្តែយុវជនវ័យក្មេងនេះមិនបានផ្លាស់ប្តូរចិត្តឡើយ។ “ឯព្រះយេហូវ៉ា ជាព្រះដែលបានជួយទូលបង្គំ ឱ្យរួចពីក្រចកសិង្ហ និងខ្លាឃ្មុំ ទ្រង់ក៏នឹងជួយឱ្យរួចពីកណ្តាប់ដៃសាសន៍ភីលីស្ទីននោះដែរ ខណៈនោះ សូលមានព្រះបន្ទូលថា ‘ដូច្នេះ ចូរទៅចុះ សូមឱ្យព្រះយេហូវ៉ាគង់ជាមួយនឹងឯង!’” PPKh3 140.5

កងទ័ពអ៊ីស្រាអែលបានភ័យខ្លាច នៅចំពោះមុខយក្សសាសន៍ភីលីស្ទីន នោះអស់សែសិបថ្ងៃ។ នៅលើក្បាលវាមានពាក់មួកលង្ហិន ហើយវាពាក់អាវក្រោះធ្វើពីលង្ហិន មានទម្ងន់៥ពាន់ដំឡឹង ក៏មានស្រោមលង្ហិនស្រោបជើង។ មានប្រដាប់លង្ហិនបាំងពីខាងខ្នង មានសណ្ឋានដូចជាស្រកាត្រី ដែលគ្មានព្រួញ ណាអាចទម្លុះបានឡើយ។ យក្សនេះកាន់លំពែងធ្វើពីលង្ហិនយ៉ាងធំ “ឯដងលំពែងរបស់វានោះប្រៀបបានដោយការផ្សំនៃតម្បាញ (ភាសាខ្មែរហៅថាក្ដារកី) ហើយផ្លែធ្វើពីដែក ទម្ងន់៦០០ ដំឡឹង មានអ្នកកាន់ខែលដើរពីមុខ”។ PPKh3 141.1

រៀងរាល់ព្រឹកនិងល្ងាច កូលីយ៉ាតបានចេញមកឈរនៅពីមុខជំរំកងទ័ពអ៊ីស្រាអែលទាំងនិយាយថា “ចូររើសម្នាក់ឱ្យចុះមកច្បាំងនឹងអញមើល។ បើវាអាចនឹងតដៃ សម្លាប់អញបាន នោះយើងនឹងធ្វើជាបាវបម្រើឯង។ តែបើអញឈ្នះ ហើយសម្លាប់វាបាន នោះឯងរាល់គ្នាត្រូវធ្វើជាបាវបម្រើយើងវិញ។ វាប្រកួតនឹងពួកទ័ពអ៊ីស្រាអែល. . .”។ PPKh3 141.2