Loading...
Larger font
Smaller font
Copy
Print
Contents
Great Controversy 1858 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    ជំពូកទី៨ - ការឈឺចាប់របស់ព្រះគ្រីស្ទ

    នៅពេលដែលទេវតាបានចាកចេញពីស្ថានសួគ៌ទាំងក្រៀមក្រំ បានដោះមកុដដ៏ភ្លឺចាំងចេញ។ លោកមិនអាចពាក់ឡើងវិញឡើយ នៅពេលដែលមេបញ្ជាការលោករងការឈឺចាប់ នឹងត្រូវពាក់ភួងបន្លានោះ។ សាតាំងនិងទេវតារបស់វារវល់យ៉ាងខ្លាំងនៅក្នុងបន្ទប់ជំនុំជំរះ ដើម្បីបំផ្លាញមនុស្សជាតិ និងភាពអាណិតអាសូរ។ បរិយាកាសនៅគ្រានោះធ្ងន់ធ្ងរ និងពិសពុលជាខ្លាំង ដោយសារឥទ្ធិពលរបស់វា។ វាបានដឹកនាំសម្តេចសង្ឃនិងពួកអ្នកដឹកនាំអោយធ្វើទុក្ខ និងប្រមាថដល់ព្រះយេស៊ូវនៅក្នុងអាកប្បកិរិយាមួយដែលមនុស្សជាតិពិបាកនឹងទ្រាំទ្រ។ សាតាំងបានសង្ឃឹមថា ការប្រមាថ និង ការឈឺចាប់បែបនេះ នឹងធ្វើអោយព្រះរាជបុត្រានៃព្រះហើបព្រះឱស្ឋត្អូញត្អែរនិងរអូរទាំ ឬក៏ទ្រង់អាចបញ្ចេញអំណាចជាព្រះរបស់ទ្រង់ រួចរំដោះអង្គទ្រង់ចេញពីការឈឺចាប់នៃហ្វូងមនុស្សហើយ ធ្វើដូច្នេះផែនការនៃសេចក្ដីសង្គ្រោះនឹងត្រូវបរាជ័យជាចុងក្រោយបង្អស់។GCKh 34.1

    លោកពេត្រុសបានដើរតាមព្រះអម្ចាស់របស់គាត់ បន្ទាប់ពីការកាត់ទោសមក គាត់បានឃើញការដែលគេបានធ្វើទៅលើព្រះយេស៊ូវ។ ហើយនៅពេលដែលគេបានចោទថា គាត់ជាមនុស្សម្នាក់ក្នុងចំណោមសិស្សរបស់ព្រះយេស៊ូវ គាត់បានប្រកែក។ គាត់មានការភ័យខ្លាចចំពោះជីវិតរបស់គាត់ ហើយនៅពេលដែលគេបានចោទគាត់ថាជា អ្នកដែលបាននៅជាមួយនឹងទ្រង់ដែរនោះ គាត់បានអះអាងថា គាត់មិនបានស្គាល់អ្នកនោះទេ។ ពួកសាវកបានកត់សំគាល់នូវភាពបរិសុទ្ធនៃព្រះបន្ទូលរបស់ទ្រង់ ត្រូវបានបញ្ឆោតនិងបំភ័ន្តថាគេមិនមែនជាសាវករបស់ទ្រង់ទេ ហើយពេត្រុសបានប្រកែកថាមិនមែនជាសាវករបស់ព្រះយេស៊ូវបីដង ដោយពាក្យប្រមាថនិងស្បថស្បែ។ ព្រះយេស៊ូវ ដែលនៅមិនឆ្ងាយប៉ុន្មានពីពេត្រុសនោះ ទ្រង់បានបែរព្រះភ័ក្ត្រទតមើលមកពេត្រុសទាំងក្រៀមក្រំ។ ពេលនោះគាត់បាននឹកឃើញព្រះបន្ទូលរបស់ព្រះយេស៊ូវដែលមានបន្ទូលទៅកាន់គាត់នៅបន្ទប់ខាងលើ និងការដែលគាត់បានអះអាងថានៅតែស្មោះត្រង់ជាមួយព្រះយេស៊ូវរបស់គាត់ជានិច្ច ទោះបីជាមនុស្សទាំងអស់នឹងរវាតចិត្តដោយព្រោះទ្រង់ក៏ដោយ គង់តែទូលបង្គំមិនដូច្នេះទេ។ គាត់បានបោះបង់ចោលព្រះអម្ចាស់របស់គាត់ទាំង ប្រមាថនិងស្បថ ប៉ុន្តែការក្រឡេកមើលរបស់ព្រះយេស៊ូវ បានបំបែកចិត្តពេត្រុស និងសង្គ្រោះគាត់ភ្លាម។ គាត់បានយំទួញយ៉ាងខ្លាំង ហើយបានលន់តួទោសពីអំពើបាបដ៏ធំរបស់គាត់ ហើយបានកែប្រែចិត្ត រួចត្រូវបានរៀបចំដើម្បីចំរើនកម្លាំងដល់បងប្អូនរបស់គាត់។GCKh 34.2

    ហ្វូងមនុស្សបានស្រែកទាមទារលោហិតរបស់ព្រះយេស៊ូវ។ ពួកគេបានធ្វើទុក្ខដល់ទ្រង់យ៉ាងឃោរឃៅ ហើយបំពាក់អាវស្តេចពណ៌ស្វាយឱ្យទ្រង់ ព្រមទាំងបំពាក់ភួងបន្លាលើព្រះសិរទ្រង់ផង។ ពួកគេបានយកដើមត្រែងដាក់លើព្រះហស្តទ្រង់ រួចថ្វាយបង្គំទ្រង់ដោយចំអក ហើយគោរពទ្រង់ ដោយពាក្យថា សូមថ្វាយបង្គំស្តេចនៃសាសន៍យូដា រួចពួកគេយកដើមត្រែងចេញពីព្រះហស្តទ្រង់ ហើយយកមកវាយព្រះសិរទ្រង់ធ្វើអោយបន្លាចាក់ទម្លុះព្រះសិរទ្រង់ បង្ហូរឈាមរហាមកាត់ព្រះភ័ក្ត្រនិងពុកចង្កាទ្រង់។GCKh 35.1

    វាជាការពិបាកណាស់ដល់ទេវតាទាំងឡាយក្នុងការទ្រាំទ្រចំពោះទិដ្ឋភាពបែបនេះ។ ពួកលោកគួរតែរំដោះព្រះយេស៊ូវចេញពីពួកគេ ប៉ុន្តែមេលើពួកទេវតា បានហាម ប្រាមដល់លោក ហើយបានមានបន្ទូលថា នោះគឺជាការលោះយ៉ាងធំដែលត្រូវបានចេញសងជំនួសមនុស្ស ប៉ុន្តែនឹងត្រូវចប់សព្វគ្រប់ ហើយបណ្តាលអោយអ្នកមានអំណាចលើសេចក្ដីស្លាប់ត្រូវសុគត។ ព្រះយេស៊ូវបានជ្រាបថា ទេវតាបានទតមើលទិដ្ឋភាពនៃការ បន្ទាបព្រះកាយរបស់ទ្រង់។GCKh 35.2

    ខ្ញុំបានឃើញថា ទេវតាដ៏ខ្សោយបំផុត អាចបណ្តាលអោយហ្វូងមនុស្សបាត់បង់អំណាច ហើយរំដោះព្រះយេស៊ូវបាន។ ទ្រង់បានជ្រាបថា ប្រសិនបើទ្រង់សុំការនេះពីព្រះវរបិតា ទេវតានឹងពិតជារំដោះទ្រង់មិនខាន។ ប៉ុន្តែវាជាការសំខាន់ដែលព្រះយេស៊ូវត្រូវតែរងទុក្ខជាច្រើនយ៉ាង ពីមនុស្សអាក្រក់ ដើម្បីសំរេចផែនការនៃសេចក្ដីសង្គ្រោះ។GCKh 36.1

    នៅទីនោះព្រះយេស៊ូវបានឈរយ៉ាងស្លូតបូត និងសុភាពរាបសារនៅចំពោះហ្វូងមនុស្សដែលមានកំហឹង នៅពេលដែលពួកគេបានផ្តល់ដល់ទ្រង់នូវការរំលោភបំពានយ៉ាងសាហាវបំផុត។ ពួកគេបានស្តោះដាក់ព្រះភ័ក្ត្រទ្រង់ ជាព្រះភ័ក្ត្រដែលថ្ងៃណាមួយគេនឹងរត់ពួនហើយគេចចេញ ជាព្រះភ័ក្ត្រដែលនឹងផ្តល់ពន្លឺដល់ទីក្រុងរបស់ព្រះ ហើយនិងចាំងពន្លឺភ្លឺជាងព្រះអាទិត្យ ប៉ុន្តែ មិនឃើញមានកំហឹងណាមួយចេញទៅរកអ្នកប្រឆាំងទាំងនោះឡើយ។ គេបានលើកដៃដ៏ឃោរឃៅរបស់គេឡើង ហើយវាយទ្រង់។ គេបានគ្របព្រះសិរទ្រង់ដោយអាវផាយកញ្ចាស់ មិនអោយទ្រង់មើលឃើញ ហើយទះ កំភ្លៀងទ្រង់ រួចសួរថា ចូរឯងទាយទៅមើល អ្នកណាវាយឯង។ មានការរំជើបរំជួលយ៉ាងខ្លាំងក្នុងចំណោមពួកទេវតា។ លោកគួរតែរំដោះទ្រង់ភ្លាម ប៉ុន្តែមេលើពួកទេវតា ហាមឃាត់ពួកលោក។GCKh 36.2

    ពួកសាវកគេមានសេចក្ដីក្លាហានឡើងវិញ ហើយបានទៅមើលការកាត់ទោសរបស់ទ្រង់។ ពួកគេរំពឹងថា ទ្រង់នឹងបញ្ចេញអំណាចជាព្រះរបស់ទ្រង់ ហើយរំដោះអង្គទ្រង់ចេញពីកណ្ដាប់ដៃនៃពួកសត្រូវ និងដាក់ទណ្ឌកម្មដល់ពួកនោះ ចំពោះអំពើឃោ រឃៅដែលគេបានប្រព្រឹត្តមកលើទ្រង់។ សេចក្ដីសង្ឃឹមរបស់គេបានឡើងចុះៗ នៅពេលដែលទស្សនីយភាពផ្សេងៗគ្នាបានកើតឡើង។ ជួនកាលគេភ័យខ្លាចនិងសង្ស័យ ក្រែងគេត្រូវបានបោកបញ្ឆោត ប៉ុន្តែសំឡេងនៅលើភ្នំនៃសិរីរុងរឿង និងសិរីល្អដែលគេបាន ឃើញ ចំរើនកម្លាំងដល់គេ ថាទ្រង់ពិតជាព្រះរាជបុត្រានៃព្រះមែន។ ពួកគេបាននឹកឃើញនូវទិដ្ឋភាពដ៏គួរអោយរំភើប ដែលគេបានឃើញការអស្ចារ្យ ដែលព្រះយេស៊ូវធ្វើក្នុងការព្យាបាលអ្នកឈឺ បើកភ្នែកអ្នកខ្វាក់អោយមើលឃើញ បើកត្រចៀកអ្នកថ្លង់អោយស្តាប់បាន គំរាមនិងបណ្តេញអារក្ស ប្រោសអ្នកស្លាប់អោយរស់ឡើងវិញ ហើយរហូតដល់គំរាមដល់ខ្យល់ ហើយខ្យល់ក៏ស្តាប់ទ្រង់ថែមទៀត។ ពួកគេមិនអាចជឿថាទ្រង់នឹងសុគតឡើយ។ ពួកគេបានសង្ឃឹមថា ទ្រង់នឹងប្រើអំណាចរបស់ទ្រង់ ហើយដោយសារព្រះសូរសៀងដែលទ្រង់បានបង្គាប់ នឹងធ្វើអោយហ្វូងមនុស្សដែលស្រេក ឈាមនោះ គេរត់គេចចេញពីទ្រង់ ដូចជាមានទាហានមួយកងដេញតាមគេ ដូច្នោះដែរ។ ពួកសាវកបានសង្ឃឹមថា ព្រះយេស៊ូវនឹងបញ្ចេញអំណាចរបស់ទ្រង់ នឹងបង្ហាញដល់មនុស្សទាំងឡាយថា ទ្រង់ពិតជាស្តេចនៃសាសន៍អ៊ីស្រាអែល។ GCKh 36.3

    យូដាសពោរពេញទៅដោយវិប្បដិសារីនិងការអៀនខ្មាស យ៉ាងជូរចត់ ចំពោះសកម្មភាពក្បត់ក្នុងការចាប់ព្រះយេស៊ូវរបស់ខ្លួន។ ហើយនៅពេលដែលគាត់បានឃើញនូវការធ្វើទុក្ខដែលទ្រង់បានទទួល គាត់បានទទួលបរាជ័យ។ គាត់បានស្រឡាញ់ព្រះយេស៊ូវ ប៉ុន្តែគាត់ស្រឡាញ់ប្រាក់ជាង។ គាត់មិនបានគិតថាព្រះយេស៊ូវនឹងរងទុក្ខ ហើយត្រូវទាហានចាប់យកទៅដូច្នេះឡើយ។ គាត់បានគិតថា ព្រះយេស៊ូវនឹងសំដែងការអស្ចារ្យហើយរំដោះអង្គទ្រង់ពីពួកគេ។ ប៉ុន្តែ នៅពេលដែលគាត់បានឃើញហ្វូងមនុស្ស ដែលពោរពេញដោយកំហឹងនៅឯបន្ទប់កាត់ក្តី កំពុងស្រេកឃ្លានលោហិតរបស់ទ្រង់គាត់ដឹងខ្លួនថាគាត់មានទោស ហើយនៅពេលដែលមនុស្សជាច្រើនកំពុងចោទប្រកាន់ ព្រះយេស៊ូវយ៉ាងខ្លាំងក្លា យូដា ប្រញាប់ប្រញាល់កាត់ហ្វូងមនុស្សសារភាពថាគាត់មានបាបក្នុងការកំចាយឈាមដែលគ្មានកំហុស។ គាត់បានប្រគល់ប្រាក់អោយគេវិញ ហើយសុំអោយគេដោះលែងព្រះយេស៊ូវ ដោយអះអាងថាទ្រង់ពិតជាគ្មានទោសទេ។ ការមួម៉ៅនិងការច្របូកច្របល់ បានធ្វើអោយពួកសង្គ្រាជស្ងៀមស្ងាត់តែមួយរយៈពេលខ្លីតែ ប៉ុណ្ណោះ។ គេមិនចង់អោយមនុស្សទាំងឡាយដឹងថា គេបានជួលសាវករបស់ព្រះយេស៊ូវម្នាក់អោយប្រគល់ទ្រង់មកក្នុងកណ្ដាប់ដៃពួកគេឡើយ។ ការតាមប្រមាញ់ព្រះយេស៊ូវរបស់ពួកគេ ដូចជាចោរ ហើយគេបានយកទ្រង់ទៅដោយសម្ងាត់ ពួកគេចង់លាក់រឿងនេះ។ ប៉ុន្តែការសារភាពរបស់យូដាស ភាពស្គមស្គាំង និងកំហុសរបស់គាត់ដែលកើតឡើង បានបើកមុខពួកសង្គ្រាជនៅចំពោះមុខហ្វូងមនុស្ស ដោយបង្ហាញថាការចាប់ ព្រះយេស៊ូវគឺជាសម្អប់របស់គេ។ នៅពេលដែលយូដាសបានអះអាងយ៉ាងខ្លាំងៗថាព្រះយេស៊ូវគ្មានទោសនោះ ពួកសង្គ្រាជបានឆ្លើយតបថា រឿងនេះគ្មានទាក់ទងនឹងយើងទេ ជារឿងរបស់អ្នកទេតើ។ ពួកគេមានព្រះយេស៊ូវនៅក្នុងអំណាចរបស់ពួកគេ ហើយពួកគេបានសំរេចចិត្តថា គេនឹងធ្វើគុតទ្រង់។ យូដាសពោរពេញដោយការទង្គឹះចិត្ត និងកំហុសឆ្គង ចំពោះឧក្រិដ្ឋកម្មរបស់ខ្លួន ហើយក៏បានចេញទៅចងកសម្លាប់ខ្លួនឯង។GCKh 37.1

    ព្រះយេស៊ូវមានការអាណិតអាសូរដល់ពួកគេជាខ្លាំង ហើយចម្លើយរបស់ទ្រង់គ្មានអ្វីធ្វើអោយហ្វូងមនុស្សភ្ញាក់ផ្អើលឡើយ។ ចំពោះការប្រមាថ និងការចំអកទាំងឡាយ មិនមែនជាការចងចិញ្ចើម មិនមែនជាការធ្វើអោយមានបញ្ហាធ្លាក់លើព្រះភ័ក្ត្ររបស់ទ្រង់ឡើយ។ ទ្រង់មានសេចក្ដីថ្លៃថ្នូរ និងស្ងប់ស្ងាត់។ ទ្រង់មានភាពគ្រប់លក្ខណ៍ និងថ្លៃថ្នូរ។ ទស្សនិកជនទាំងឡាយ គេសំឡឹងមើលទ្រង់ដោយការងឿងឆ្ងល់។ ពួកគេបានប្រៀបធៀបទ្រង់ទ្រាយគ្រប់លក្ខណ៍របស់ទ្រង់ ភាពហ្មឺងម៉ាត់របស់ទ្រង់ និងការបង្ហាញភាពថ្លៃថ្នូរជាមួយនឹងអ្នកដែលបានអង្គុយជំនុំជំរះប្រឆាំងនឹងទ្រង់ ហើយនិយាយ ទៅកាន់គ្នាទៅវិញទៅមកថា ទ្រង់មានសណ្ឋានដូចជាស្តេចដែលគ្រងនគរប្រសើរជាងអ្នកដឹកនាំណាៗទាំងអស់។ ទ្រង់គ្មានសញ្ញាឧក្រិដ្ឋកម្មណាមួយទាល់តែសោះ។ ព្រះនេត្ររបស់ទ្រង់ស្លូតនិងមិនចុះចាញ់ ថ្ងាសរបស់ទ្រង់ធំទូលាយ។ ទឹកមុខទាំងឡាយបានបង្ហាញយ៉ាងច្បាស់ដោយគោលការណ៍ថ្លៃថ្នូរ និងឧត្តុង្គឧត្តម។ ភាពអត់ធ្មត់ និងការអត់ទ្រាំរបស់ទ្រង់ខុសពីមនុស្សទាំងឡាយដែលមានការរន្ធត់ជាច្រើន។ សូម្បីតែស្តេចហេរូឌ និងលោកពីឡាត់ ក៏មានការរន្ធត់ចំពោះភាពថ្លៃថ្នូររបស់ទ្រង់ដែរ។ ភាពជាព្រះរបស់ទ្រង់បានលេចឡើង។GCKh 38.1

    ដំបូងឡើយលោកពីឡាត់ជឿថា ទ្រង់ពិតជាមិនមែនមនុស្សធម្មតាទេ ប៉ុន្តែគឺជាតួអង្គយ៉ាងប្រសើរឧត្តម។ គាត់បានជឿថាទ្រង់ពិតជាគ្មានទោសសោះ។ ទេវតាដែលបានឃើញព្រឹត្តិការណ៍ទាំងអស់នោះ បានកត់សំគាល់នូវការកាត់ទោសរបស់លោកពីឡាត់ និងបានកត់សំគាល់សេចក្ដីអាណិតអាសូររបស់គាត់ចំពោះព្រះយេស៊ូវ ហើយបានជួយគាត់អោយផុតពីការជាប់ទាក់ទងទៅនឹងសកម្មភាពយកព្រះយេស៊ូវទៅឆ្កាងដ៏ គួរអោយភ័យខ្លាច ហើយទេវតាមួយអង្គត្រូវបានបញ្ជូនមកឯប្រពន្ធលោកពីឡាត់ ពន្យល់សប្តិនាងថា ទ្រង់គឺជាព្រះរាជបុត្រានៃព្រះដែលលោកពីឡាត់កំពុងកាត់ទោស ហើយថាទ្រង់ជាអ្នករងការឈឺចាប់ដោយគ្មានកំហុសទេ។ នាងបានអោយដំណឹងទៅលោកពីឡាត់ថា នាងបានទទួលការឈឺចាប់យ៉ាងខ្លាំងនៅក្នុងយល់សប្តិដោយសារព្រះយេស៊ូវ ហើយបានព្រមានដល់លោកពីឡាត់មិនអោយធ្វើអ្វីដល់ព្រះយេស៊ូវដែលជាមនុស្សបរិសុទ្ធនោះឡើយ។ អ្នកនាំសារនេះបានប្រជ្រៀតហ្វូងមនុស្សយ៉ាងណែនណាន់ តាន់តាប់ ហើយបានជូនដំណឹងនោះទៅលោកពីឡាត់។ នៅពេលដែលគាត់បានអានដំណឹងនោះ គាត់ញ័ររន្ធត់ ហើយមានសម្បុរស្លេកស្លាំង។ រំពេចនោះ គាត់បានគិតថាគាត់មិនគួរធ្វើអ្វីទាក់ទងនឹងរឿងនោះទេ គាត់នឹងមិនអោយការទាមទារឈាមព្រះយេ- ស៊ូវរបស់ពួកគេ មានឥទ្ធិពលមកលើគាត់ឡើយ ប៉ុន្តែគាត់ នឹងដោះលែងទ្រង់វិញ។GCKh 39.1

    នៅពេលដែលលោកពីឡាត់បានឮថា ស្តេចហេរូឌគង់នៅទីក្រុងយេរូសាឡិមគាត់សប្បាយចិត្តណាស់ ហើយបានសង្ឃឹមថានឹងដោះខ្លួនគាត់រួច ពីរឿងដ៏ចំរូងចំរាស់នេះ ហើយមិនមានទាក់ទងទៅនឹងការចោទប្រកាន់ព្រះយេស៊ូវ។ គាត់បានបញ្ជូនទ្រង់ជាមួយនឹងអ្នកដែលចោទប្រកាន់ទ្រង់ទៅឯស្តេចហេរូឌ។ ហេរូឌគឺជាស្តេចរឹងរូស។ ការសម្លាប់លោកយ៉ូហាន ធ្វើអោយទ្រង់មានព្រះទ័យសៅហ្មងជាខ្លាំង ដោយទ្រង់មិនអាច ដោះព្រះអង្គអោយរួចចេញបាន ហើយនៅពេលដែលព្រះអង្គបានឮអំពីព្រះយេស៊ូវ និងការងារដ៏អស្ចារ្យដែលទ្រង់បានធ្វើ ព្រះអង្គបានគិតថា លោកយ៉ូហានបានរស់ពីស្លាប់ឡើងវិញ។ ព្រះអង្គបានភ័យខ្លាចនិងញ័ររន្ធត់ ដ្បិតព្រះអង្គមានទោសនៅក្នុងមនសិការរបស់ទ្រង់។ លោកពីឡាត់បានបញ្ជូនព្រះយេស៊ូវមកក្នុងកណ្ដាប់ដៃស្តេចហេរូឌ។ ព្រះអង្គបានពិចារណាសកម្មភាពនៃការទទួលស្គាល់អំណាចរបស់ទ្រង់ និងការជំនុំជំរះពី លោកពីឡាត់។ ពីមុនពួកគេជាសត្រូវ ប៉ុន្តែក្រោយមកគេបានចងជាមិត្ត។ ស្តេចហេរូឌមានព្រះទ័យរីករាយណាស់ដែលបានជួបព្រះយេស៊ូវ ព្រោះព្រះអង្គរំពឹងថា ព្រះយេស៊ូវនឹងសំដែងការអស្ចារ្យដើម្បីបំពេញព្រះហឫទ័យទ្រង់។ ប៉ុន្តែ វាមិនមែនជាការងាររបស់ព្រះយេស៊ូវសំរាប់បំពេញចិត្តអ្នកដែលចង់ឃើញនោះឡើយ។ អំណាចនិងការអស្ចារ្យជាព្រះរបស់ព្រះអង្គ សំរាប់តែសំដែងដើម្បីសង្គ្រោះអ្នកដទៃតែប៉ុណ្ណោះ ប៉ុន្តែមិនមែនតាំងនាមរបស់ព្រះអង្គផ្ទាល់ឡើយ។GCKh 40.1

    ព្រះយេស៊ូវមិនបានឆ្លើយអ្វីទាំងអស់ទៅនឹងសំនួរជាច្រើនដែលស្តេចហេរូឌបានសួរទ្រង់ ហើយទ្រង់ក៏មិនបានធ្វើអ្វីតបទៅសត្រូវរបស់ទ្រង់ដែលបានចោទប្រកាន់ទ្រង់យ៉ាងក្លៀវក្លានោះដែរ។ ស្តេចហេរូឌក្រោធជាខ្លាំង ព្រោះព្រះយេស៊ូវមិនបានខ្លាចអំណាចរបស់ព្រះអង្គ ហើយថែមទាំងបានចំអកមើលងាយនិងធ្វើទារុណកម្មដល់ព្រះរាជ បុត្រានៃព្រះទៀតផង។ ស្តេចហេរូឌមានការភ្ញាក់ផ្អើលចំពោះភាពថ្លៃថ្នូរ និងការសំដែងលក្ខណៈជាព្រះរបស់ព្រះយេស៊ូវ នៅពេលដែលគេធ្វើទារុណកម្មយ៉ាងអាម៉ាស់ និងចោទ ប្រកាន់ដល់ទ្រង់ ហើយគេក៏បញ្ជូនទ្រង់ទៅឯលោកពីឡាត់វិញ។GCKh 40.2

    សាតាំងនិងទេវតារបស់វាបានល្បួងលោកពីឡាត់ ហើយបានព្យាយាមដឹកនាំគាត់អោយចូលទៅក្នុងការហិនហោចរបស់វា។ វាបានអោយយោបល់ទៅគាត់ថា ប្រសិនបើគាត់មិនចូលរួមក្នុងការចោទប្រកាន់ដល់ព្រះយេស៊ូវទេ អ្នកដទៃ អ្នកស្រេកឈាមព្រះយេស៊ូវ គេនឹងចោទប្រកាន់គាត់ ហើយប្រសិនបើគាត់មិនបញ្ជូនទ្រង់អោយទៅឆ្កាងទេ គាត់នឹងបាត់បង់អំណាច និងកិត្តិយសនៅលោកីយ៍របស់គាត់ ហើយនឹងត្រូវបានគេប្រកាសថា ជាអ្នកដោះលែងមនុស្សក្លែងខ្លួន ដូចដែលគេបានដាក់ឈ្មោះអោយ។ ដោយការភ័យខ្លាចបាត់បង់អំណាច និងតួនាទីរបស់ខ្លួន លោកពីឡាត់បានយល់ព្រមអោយគេធ្វើគុតព្រះយេស៊ូវ។ ហើយទោះបីជាគាត់បានដាក់ព្រះលោហិតរបស់ព្រះយេស៊ូវអោយអ្នកចោទប្រកាន់ទ្រង់ និងហ្វូងមនុស្សអោយទទួល ដោយស្រែកថា សូមអោយឈាមរបស់គេធ្លាក់លើយើង និងកូនចៅរបស់យើងចុះក៏ដោយ ក៏លោកពីឡាត់មិនរួចខ្លួនដែរ គាត់មានទោសចំពោះលោហិតរបស់ព្រះយេស៊ូវគ្រីស្ទ។ ព្រោះតែការចាប់អារម្មណ៍យ៉ាងអាត្មានិយមផ្ទាល់របស់គាត់ ហើយស្រឡាញ់កិត្តិយសពីមនុស្ស អ្នកធំនៅផែនដី គាត់បានបញ្ជូនអ្នកគ្មានទោស អោយគេយកទៅសម្លាប់។ ប្រសិនបើលោកពីឡាត់បានធ្វើតាមជំនឿរបស់គាត់ គាត់នឹងគ្មានអ្វីទាក់ទងនឹងការចោទប្រកាន់ព្រះយេស៊ូវឡើយ។ ការកាត់ទោសនិងការចោទប្រកាន់ទៅលើព្រះយេស៊ូវបានធ្វើការ នៅក្នុងគំនិតមនុស្សជាច្រើន ហើយការបណ្តាលចិត្តនឹងមានឡើង បន្ទាប់ពីការមានព្រះជន្មរស់ឡើងវិញ ហើយមានមនុស្សជាច្រើនត្រូវបានបំពេញទៅក្នុងពួកជំនុំដែល មានបទពិសោធន៍ និងសេចក្ដីជំនឿដែលមានចាប់ពីពេលនៃការកាត់ទោសព្រះយេស៊ូវ មក។GCKh 41.1

    កំហឹងរបស់សាតាំងកាន់តែខ្លាំងឡើង នៅពេលដែលវាឃើញថាការឃោរឃៅដែលវាប្រើឱ្យពួកសម្តេចសង្ឃធ្វើទៅលើព្រះយេស៊ូវ មិនបានធ្វើអោយទ្រង់រអូបន្តិចសោះឡើយ។ ខ្ញុំបានឃើញថា ទោះបើជាព្រះយេស៊ូវ បានយកកំណើតជាមនុស្សក៏ដោយ ក៏អំណាចនិងការអត់ធ្មត់នៃព្រះ នៅជាប់ជាមួយទ្រង់ ហើយទ្រង់មិនដែលបែកចេញពីព្រះហឫទ័យនៃព្រះវរបិតារបស់ទ្រង់បន្តិចណាសោះឡើយ។GCKh 42.1

    ________________________________________
    សូមអានម៉ាថាយ ២៦:៥៧-៧៥, ២៧:១-៣១ ម៉ាកុស ១៤:៥៣-៧២, ១៥:១-២០ លូកា ២២:៤៧-៧១, ២៣:១-២៥ យ៉ូហានជំពូក ១៨, ១៩:១-១៦។
    GCKh 42.2