Loading...
Larger font
Smaller font
Copy
Print
Contents
Great Controversy 1858 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    ជំពូកទី១៦ - ប៉ុលបានទៅឯទីក្រុងយេរូសាឡិម

    ក្រោយពីប៉ុលបានកែប្រែចិត្តមួយរយៈពេលខ្លីមក គាត់ក៏បានទៅផ្សព្វផ្សាយ អំពីព្រះយេស៊ូវនិងព្រះគុណដ៏អស្ចារ្យរបស់ទ្រង់នៅទីក្រុងយេរូសាឡិម គាត់បានដំណាលប្រាប់គេពីការកែប្រែចិត្តដោយការអស្ចារ្យរបស់គាត់ដែលធ្វើអោយពួកសង្ឃ និងពួកនាហ្មឺនក្តៅក្រហាយជាខ្លាំង ហើយគេបានគិតថានឹងសម្លាប់គាត់។ តែជីវិតរបស់គាត់ត្រូវបានជួយសង្គ្រោះ ព្រះយេស៊ូវបានលេចមកឯគាត់ម្ដងទៀតក្នុងការជាក់ស្តែងមួយពេលគាត់កំពុងអធិស្ឋានដោយមានបន្ទូលទៅគាត់ថា ចូរឯងចេញពីទីក្រុងយេរ៉ូសាឡិមអោយបានរហ័សទៅដ្បិតគេមិនទទួលទីបន្ទាល់របស់ខ្ញុំពីអ្នកទេ។ ប៉ុលបានអង្វរព្រះយេស៊ូវដោយទទូចថា ព្រះអម្ចាស់អើយ គេនឹងថាទូលបង្គំជាប់ដាក់គុកទូលបង្គំបានវាយដល់អ្នកដែលជឿលើព្រះនាមទ្រង់នៅគ្រប់វេលាប្រជុំ។ ហើយនៅពេលដែលឈាមរបស់ស្ទេផានជាទុក្ករបុគ្គលរបស់ទ្រង់បានខ្ចាយទូលបង្គំក៏ឈរនៅទីនោះ ហើយយល់ព្រមទៅនឹងការសម្លាប់គាត់ដែរ ហើយបានការពារអ្នកដែលសម្លាប់គាត់ទៀត។ ប៉ុលបានគិតថាសាសន៍យូដានៅក្រុងយេរូសាឡិមនឹងមិនបដិសេធទីបន្ទាល់របស់គាត់ទេ ដោយគេនឹងពិចារណាការផ្លាស់ប្ដូរដ៏ធំរបស់គាត់អាចធ្វើទៅបានអាស្រ័យដោយសារតែអំណាចដ៏ធំរបស់ព្រះតែប៉ុណ្ណោះ។ ប៉ុន្តែព្រះយេស៊ូវបានមានបន្ទូលទៅគាត់ថា ចូរចេញទៅ ដ្បិតខ្ញុំនឹងបញ្ជូនអ្នកអោយទៅឯសាសន៍ដទៃ។GCKh 81.3

    នៅក្នុងការចាកចេញពីទីក្រុងយេរូសាឡិម គាត់បានសរសេរសំបុត្រជាច្រើនផ្ញើទៅកាន់កន្លែងផ្សេងៗរៀបរាប់ពីបទពិសោធន៍របស់គាត់និងប្រាប់ពីទីបន្ទាល់ដ៏អស្ចារ្យ។ ប៉ុន្តែមានមនុស្សខ្លះខំប្រឹងប្រែងយ៉ាងខ្លាំងដើម្បីបំផ្លាញឥទ្ធិពលនៃសំបុត្រទាំងនោះ។ គេត្រូវតែទទួលស្គាល់ថាសំបុត្ររបស់គាត់មានទម្ងន់និងមានអំណាច។ ប៉ុន្តែគេអះអាងថាការបង្ហាញដោយក្លៀវក្លារបស់គាត់ទន់ខ្សោយនិងការនិយាយរបស់គាត់គួរអោយមើលងាយ។GCKh 82.1

    ខ្ញុំបានឃើញថាប៉ុលគឺជាមនុស្សដែលមានការចេះដឹងខ្ពស់ ហើយគតិបណ្ឌិតនិង អាកប្បកិរិយារបស់គាត់ធ្វើអោយអ្នកស្ដាប់ចូលចិត្ត។ អ្នកចេះដឹងជាច្រើនពេញចិត្តនឹងចំណេះដឹងរបស់គាត់ ហើយពួកគេជាច្រើនបានជឿលើព្រះយេស៊ូវ។ នៅចំពោះស្តេចនិងអង្គប្រជុំយ៉ាងធំគាត់បានបញ្ចេញវោហាដែលធ្វើអោយគេទាំងអស់ចុះចូលចំពោះគាត់។ ការនេះធ្វើអោយពួកសង្គ្រាជនិងពួកនាហ្មឺនខឹងកាន់តែខ្លាំងឡើង។ ប៉ុលអាចបង្ហាញហេតុផលដល់គេបានយ៉ាងច្បាស់ព្រមទាំងនាំមនុស្សមកឯគាត់ជាច្រើនយ៉ាងអស្ចារ្យក្នុងគំនិតនៃការសរសើរដំកើងនិងនាំអោយគេឃើញនូវព្រះគុណដ៏ធំធេងរបស់ព្រះនិងពណ៌នានៅចំពោះមុខគេពីសេចក្ដីស្រឡាញ់ដ៏អស្ចារ្យរបស់ព្រះគ្រីស្ទ។ ហើយជាមួយនឹងភាពងាយស្រួល គាត់អាចយល់ពីមនុស្សសាមញ្ញហើយអាចបរិយាយប្រាប់គេពីបទពិសោធន៍របស់គាត់យ៉ាងមានអំណាចបំផុតដែលធ្វើអោយគេចង់ក្លាយជាសិស្សរបស់ ព្រះគ្រីស្ទយ៉ាងខ្លាំង។GCKh 82.2

    ព្រះបានបង្ហាញដល់ប៉ុលអោយត្រឡប់ទៅទីក្រុងយេរូសាឡិមវិញ ហើយនៅទីនោះគាត់នឹងត្រូវគេចាប់និងត្រូវរងទុក្ខដោយសារព្រះនាមរបស់ទ្រង់។GCKh 83.1

    ទោះបីជាគាត់ជាប់ក្នុងពេលដ៏យូរក៏ដោយ ក៏ព្រះនៅតែធ្វើការងារជាពិសេសតាមរយៈគាត់ដែរ។ ការចាប់ប៉ុលគឺជាមធ្យោបាយនៃការប្រកាសផ្សាយអំពីចំណេះដឹងនៃព្រះគ្រីស្ទនិងដើម្បីសរសើរដំកើងព្រះ។ នៅពេលដែលគេបញ្ជូនគាត់ពីទីក្រុងមួយទៅទីក្រុងមួយ គាត់បានរៀបរាប់ទីបន្ទាល់ដែលទាក់ទងនឹងព្រះយេស៊ូវនិងឧបត្តិហេតុដ៏គួរអោយចាប់អារម្មណ៍នៃការកែប្រែចិត្តរបស់គាត់នៅចំពោះស្តេចចៅហ្វាយខេត្តដែលគាត់មិនដែលចាកចេញទៅដោយមិនបានធ្វើទីបន្ទាល់ពីព្រះយេស៊ូវឡើយ។ មនុស្សរាប់ពាន់នាក់បានជឿទ្រង់និងមានអំណរចំពោះព្រះនាមទ្រង់។ ខ្ញុំបានឃើញថា ព្រះរាជបំណងដ៏ពិសេសរបស់ព្រះបានសំរេចហើយនៅក្នុងដំណើរតាមទឹករបស់ប៉ុល អ្នកមិនជឿសាសនាអាចឮព្រះនាមរបស់ព្រះយេស៊ូវដែរនិងមានមនុស្សជាច្រើនបានកែប្រែចិត្តដោយសារ ការបង្រៀនរបស់គាត់ និងដោយបានឃើញការអស្ចារ្យដែលគាត់បានធ្វើ។ ស្តេច និងចៅហ្វាយខេត្តពេញចិត្តនឹងហេតុផលរបស់គាត់ជាខ្លាំង ហើយគាត់ក៏បានអធិប្បាយអំពីព្រះយេស៊ូវ និងរ៉ាយរ៉ាប់អំពីព្រឹត្តិការណ៍នៃទីបន្ទាល់ដ៏គួរអោយចាប់អារម្មណ៍របស់គាត់ដោយអំណាចនៃព្រះវិញ្ញាណបរិសុទ្ធបានទាក់ទាញពួកគេអោយជឿថាព្រះយេស៊ូវគឺជាព្រះរាជបុត្រានៃព្រះ ហើយនៅពេលដែលមានអ្នកខ្លះបានភ្ញាក់ផ្អើលនិងការអស្ចារ្យចំពោះរឿងដែលគេបានស្តាប់ប៉ុលមានម្នាក់បានស្រែកឡើងថា បន្តិចទៀតឯងនឹងនាំអោយយើងត្រឡប់ជាគ្រីស្ទានដែរ។ មែនហើយ គេគិតថា នៅថ្ងៃណាមួយនាពេលអនាគតគេនឹងពិចារណានូវអ្វីដែលគេបានឮ។ សាតាំងបានឆ្លៀតឱកាសនៃការពន្យាពេលនេះ ហើយនៅពេលដែលគេមិនរវល់នឹងឱកាសល្អពេលដែលចិត្តគេទន់នោះ គេនឹងបាត់បង់ជារៀងរហូត។ ចិត្តរបស់គេបានរឹងរូសឡើងវិញ។GCKh 83.2

    គេបានបង្ហាញខ្ញុំអោយឃើញការងាររបស់សាតាំង ដំបូងវាបានបំបិទភ្នែករបស់សាសន៍យូដាដើម្បីកុំអោយគេទទួលព្រះយេស៊ូវជាព្រះអង្គ សង្គ្រោះរបស់គេ ហើយបន្ទាប់មកគឺការដឹកនាំពួកគេអោយច្រណែននឹងការងារដ៏មានព្រះចេស្ដារបស់ទ្រង់ និងប្រាថ្នាចង់ធ្វើគុតទ្រង់។ សាតាំងបានចូលទៅក្នុងសាវករបស់ព្រះយេស៊ូវផ្ទាល់ម្នាក់ ហើយធ្វើអោយវាបញ្ជូនទ្រង់ទៅក្នុងកណ្ដាប់ដៃរបស់ពួកគេ ហើយគេក៏បានឆ្កាងព្រះ អម្ចាស់នៃជីវិតជាព្រះនៃសិរីល្អ។ បន្ទាប់ពីព្រះយេស៊ូវមានព្រះជន្មរស់ឡើងវិញ សាសន៍យូដាបានបន្ថែមបាបទៅលើអំពើបាបដោយស្វះស្វែងរកការលាក់កំបាំងរឿងនៃការមានព្រះជន្មរស់ឡើងវិញដោយយកលុយទៅជួលទាហានរ៉ូមដែលយាមផ្នូរអោយប្រាប់រឿងមិនពិត។ ប៉ុន្តែការមានព្រះជន្មរស់ពីសុគតឡើងវិញរបស់ព្រះយេស៊ូវត្រូវបានធ្វើអោយកាន់តែពិតប្រាកដឡើងទ្វេមួយជាពីរដោយសាក្សីជាច្រើនដែលបានរស់ពីស្លាប់ឡើងវិញជាមួយនឹងទ្រង់។ ព្រះយេស៊ូវបានលេចមកឯពួកសាវក និងលេចមកឯមនុស្សជាងប្រាំ ពាន់នាក់ម្ដងទៀត នៅពេលដែលទ្រង់បានលើកមនុស្សទាំងនោះឡើងពីស្លាប់ជាមួយទ្រង់ បានលេចមកឯមនុស្សជាច្រើន ដោយប្រកាសថាព្រះយេស៊ូវបានមានព្រះជន្មរស់ឡើងវិញហើយ។GCKh 84.1

    សាតាំងបានបណ្តាលអោយពួកយូដាបះបោរប្រឆាំងនឹងព្រះដោយបដិសេធមិនទទួលបុត្រារបស់ទ្រង់ដោយធ្វើអោយដៃរបស់គេប្រឡាក់ដោយព្រះលោហិតដ៏មានតម្លៃក្នុងការឆ្កាងទ្រង់។ ទោះបីជាមានភស្តុតាងដ៏មានថាមពលជាច្រើនបញ្ជាក់ថាព្រះយេស៊ូវជាព្រះរាជបុត្រានៃព្រះជាអ្នកចេញថ្លៃលោះលោកីយ៍ក៏ដោយ ក៏គេបានធ្វើគុតទ្រង់ដែរនិងមិនទទួលភស្តុតាងណាមួយដែលទ្រង់បានបង្ហាញនោះឡើយ។ សេចក្ដីសង្ឃឹមតែមួយគត់របស់គេក៏ដូចជារបស់សាតាំងបន្ទាប់ពីវាធ្លាក់ចុះនោះដែរ គឺព្យាយាមប្រយុទ្ធយកឈ្នះលើព្រះរាជបុត្រានៃព្រះ។ ពួកគេបន្តការបះបោររបស់គេដោយបៀតបៀនដល់ពួកសាវករបស់ព្រះគ្រីស្ទនិងសម្លាប់ពួកគេ។ គ្មានអ្វីដែលមិនពិរោះនៅត្រចៀករបស់គេជាងពាក្យថាព្រះយេស៊ូវបានឆ្កាងនោះឡើយ ហើយគេក៏បានប្ដេជ្ញាចិត្តថានឹងមិនស្តាប់ភស្តុតាងណាមួយដែលជាទីពេញចិត្តរបស់គេដែរ។ ដូចជានៅក្នុងករណីរបស់លោកស្ទេផានគ្រាដែលព្រះវិញ្ញាណបរិសុទ្ធបានប្រកាសតាមរយៈគាត់អំពីភស្តុតាងដ៏មានព្រះចេស្ដានៃភាពជាព្រះរាជបុត្រានៃព្រះរបស់ទ្រង់ គេបិទត្រចៀកគេក្រែងគេត្រូវបានកែប្រែចិត្ត។ ហើយនៅពេលដែលសិរីល្អរបស់ព្រះបានព័ទ្ធជុំវិញស្ទេផាន គេបានចោលគាត់នឹងថ្មសម្លាប់។ សាតាំងមានឃាតកសម្លាប់ព្រះយេស៊ូវក្តាប់ជាប់នៅដៃ។GCKh 85.1

    ដោយការងារដ៏កំណាចរបស់វា វាបានប្រគល់ខ្លួនវាទៅអោយអ្នកដែលដើរតាមវាហើយតាមរយៈពួកគេ វាបានធ្វើការរំខាននិងបន្ទុចបង្អាក់ដល់អ្នកជឿលើព្រះគ្រីស្ទ។ វាបានធ្វើការតាមរយៈសាសន៍យូដាដើម្បីបំផុសពួកក្រៅសាសន៍អោយប្រឆាំងនឹងព្រះនាមរបស់ព្រះយេស៊ូវនឹងប្រឆាំងជាមួយនឹងអ្នកដែលដើរតាមទ្រង់និងជឿលើព្រះនាម ទ្រង់។ ប៉ុន្តែព្រះបានចាត់ពួកទេវតាអោយមកចំរើនកម្លាំងពួកសាវកសំរាប់ការងាររបស់ គេដើម្បីបង្ហាញពីការដែលគេបានឃើញនិងបានឮ ហើយនៅទីចុងបំផុតនៃការឈរមាំមួនរបស់គេ គេនឹងបោះត្រាទីបន្ទាល់របស់គេដោយព្រះលោហិតរបស់ទ្រង់។GCKh 85.2

    សាតាំងសប្បាយចិត្តណាស់ដោយសាសន៍យូដាចូលទៅក្នុងអន្ទាក់របស់វា។ វានៅតែបន្តប្រើប្រាស់ទំរង់ដ៏ឥតប្រយោជន៍របស់វា យញ្ញបូជា និងបញ្ញត្តិរបស់វា។ នៅពេលដែលព្រះយេស៊ូវព្យួរនៅលើឈើឆ្កាងហើយទ្រង់បានស្រែកថា ការស្រេចហើយវាំងននក្នុងព្រះវិហាររហែកជាពីរ ពីលើចុះក្រោមបញ្ជាក់ថា ព្រះអម្ចាស់នឹងមិនជួបជាមួយនឹងសង្ឃនៅក្នុងព្រះវិហារដើម្បីទទួលយញ្ញបូជានិងបញ្ញត្តិរបស់គេទៀតទេនិងបង្ហាញផងដែរថាជញ្ជាំងខ័ណ្ឌចែករវាងពួកយូដា និងសាសន៍ដទៃបានរលាយហើយ។ ព្រះយេស៊ូវបានប្រគល់អង្គទ្រង់ផ្ទាល់ជាដង្វាយយញ្ញបូជាលោះបាបសំរាប់សាសន៍ទាំងពីរនេះ ហើយប្រសិនបើមនុស្សបានសង្គ្រោះទាំងអស់ ទាំងពីរសាសន៍ត្រូវតែជឿព្រះយេស៊ូវ ជាយញ្ញបូជាលោះបាប និងជាព្រះអង្គ សង្គ្រោះនៃលោកីយ៍។GCKh 86.1

    នៅពេលដែលព្រះយេស៊ូវទ្រង់ជាប់នៅលើឈើឆ្កាង ទាហានបានយកលំពែងមកចាក់ចំហៀងទ្រង់ ហើយមានឈាមនិងទឹកហូរចេញមកតាមរន្ធផ្សេងៗពីគ្នា មួយជាឈាមនិងមួយទៀតជាទឹក។ ឈាមសំរាប់លាងសំអាតអំពើបាបរបស់អ្នកដែលជឿលើព្រះនាមរបស់ទ្រង់។ ទឹកតំណាងអោយទឹករស់ដែលបានចេញពីព្រះយេស៊ូវប្រទានជីវិតដល់អ្នកជឿទាំងឡាយ។GCKh 86.2

    ________________________________________
    សូមអានម៉ាថាយ ២៧:៥១ យ៉ូហាន ១៩:៣៤ កិច្ចការ ជំពូកទី២៤ និង២៦។
    GCKh 86.3