Loading...
Larger font
Smaller font
Copy
Print
Contents
Great Controversy 1858 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    ជំពូកទី៤ - ព្រឹត្តិការណ៍ទីមួយរបស់ព្រះគ្រីស្ទ

    នោះខ្ញុំត្រូវបានគេនាំចុះទៅដល់ពេលដែលព្រះយេស៊ូវត្រូវបានទទួលយកធម្មជាតិជាមនុស្សផ្ទាល់ ទ្រង់បន្ទាបអង្គទ្រង់ជាមនុស្ស ហើយទទួលរងនូវការល្បួងរបស់សាតាំង។ ការប្រសូតរបស់ទ្រង់គ្មានភាពប្រសើរនៃលោកីយ៍នេះឡើយ។ ទ្រង់បានប្រសូតនៅក្នុងក្រោលសត្វ ផ្តេកនៅក្នុងស្នូក តែការប្រសូតរបស់ទ្រង់ត្រូវបានដំកើងឡើង លើសពីកូនរបស់មនុស្សណាៗទាំងអស់ ទេវតានៃស្ថានសួគ៌បានប្រាប់ដល់ពួក អ្នកគង្វាលចៀមអំពីការយាងមករបស់ព្រះយេស៊ូវនៅពេលដែលពន្លឺនិងសិរីល្អមកពីព្រះអមទីបន្ទាល់របស់លោក (ទេវតា)។ ពពួកទេវតានៃស្ថានសួគ៌ដេញពិណ ហើយថ្វាយសិរីល្អដល់ព្រះ។ ទេវតាប្រកាសដោយជោគជ័យនូវការយាងមកនៃព្រះរាជបុត្រារបស់ព្រះមកកាន់ផែនដីដែលមានបាប ដើម្បីបំពេញអោយបានសំរេចនូវការងារនៃការប្រោសលោះ ហើយការសុគតរបស់ទ្រង់ នាំមកនូវសេចក្ដីសុខសាន្ត សេចក្ដីរីករាយ និងជីវិតអស់កល្បដល់មនុស្ស។ ព្រះអម្ចាស់បានផ្តល់សិរីរុងរឿងដល់ការយាងមករបស់ព្រះរាជបុត្រា។ ទេវតាបានថ្វាយបង្គំទ្រង់។GCKh 12.2

    ទេវតារបស់ព្រះនៅពីលើទស្សនីយភាពនៃការជ្រមុជទឹករបស់ទ្រង់ ហើយព្រះវិញ្ញាណបរិសុទ្ធយាងចុះមក មានសណ្ឋានដូចជាសត្វព្រាប ហើយជះឥទ្ធិពលមកលើទ្រង់ បន្ទាប់មក នៅពេលដែលមនុស្សទាំងឡាយកំពុងសំឡឹងមើលមិនដាក់ភ្នែក ដោយអស្ចារ្យជាខ្លាំង ព្រះសូរសៀងនៃព្រះវរបិតាបានបន្លឺឡើងពីស្ថានសួគ៌មកថា នេះជាកូនស្ងួនភ្ងាអញ ជាទីពេញចិត្តអញណាស់។GCKh 13.1

    លោកយ៉ូហានមិនបានដឹងច្បាស់ឡើយថា គឺព្រះអង្គសង្គ្រោះដែលបានយាងមកអោយគាត់ជ្រមុជទឹកអោយនៅទន្លេយ័រដាន់។ ប៉ុន្តែ ព្រះបានសន្យាដល់គាត់ដោយសញ្ញាដែលគាត់ស្គាល់ថាជាកូនចៀមរបស់ព្រះ។ សញ្ញានេះបានប្រទានមកជាសត្វព្រាបនៃស្ថានសួគ៌មកទំលើព្រះយេស៊ូវ ហើយសិរីល្អរបស់ព្រះចាំងមកលើទ្រង់។ លោកយ៉ូហានបានលើកដៃចង្អុលទៅព្រះយេស៊ូវ ដោយស្រែកជាសំឡេងយ៉ាងខ្លាំងថា នុ៎ះន៏កូនចៀមរបស់ព្រះ ដែលលោះបាបមនុស្សលោក។GCKh 13.2

    លោកយ៉ូហានបានប្រាប់ដល់សិស្សរបស់គាត់ថា ព្រះយេស៊ូវគឺជាព្រះមែស៊ី ដែលព្រះបានសន្យា គឺជាព្រះអង្គសង្គ្រោះនៃលោកីយ៍។ នៅពេលដែលលោកយ៉ូហានបានបញ្ចប់ការងាររបស់គាត់ គាត់បានបង្រៀនដល់សិស្សរបស់គាត់អោយសំឡឹងមើល ទៅព្រះយេស៊ូវ ហើយដើរតាមទ្រង់ជាគ្រូដ៏ឧត្តម។ ជីវិតរបស់យ៉ូហានពុំមានសេចក្ដីរីករាយឡើយ។ វាពោរពេញទៅដោយទុក្ខព្រួយនិងការលះបង់។ គាត់បានប្រកាសជាមុនអំពីការយាងមកជាលើកទីមួយរបស់ព្រះគ្រីស្ទ ហើយគាត់មិនត្រូវបានអនុញ្ញាតអោយបានធ្វើទីបន្ទាល់ពីការអស្ចារ្យរបស់ព្រះអង្គ និងមានអំណរជាមួយនឹងអំណាចដ៏អស្ចារ្យរបស់ទ្រង់ឡើយ។ គាត់បានដឹងថា នៅពេលដែលព្រះយេស៊ូវបានសំរេចអង្គទ្រង់ជាគ្រូនោះ គាត់ត្រូវតែស្លាប់។ ពាក្យពេចន៍របស់គាត់មិនសូវបានគេឮនោះទេ លើកលែងតែនៅឯវាលរហោស្ថានតែប៉ុណ្ណោះ។ ជីវិតរបស់គាត់មានភាពឯកោ។ គាត់មិនបាននៅជាប់ជាមួយនឹងគ្រួសាររបស់ឪពុកគាត់ ដើម្បីមានសេចក្ដីអំណរនៅក្នុងសង្គម របស់គាត់ឡើយ ប៉ុន្តែគាត់បានចាកចេញពីការជួបជុំគ្នានោះដើម្បីបំពេញបេសកកម្មរបស់គាត់វិញ។ មនុស្សជាច្រើនបានចាកចោលស្រុកភូមិ និងទីក្រុងដ៏មមាញឹក និងហ្វូងសត្វរបស់ខ្លួន ទៅកាន់វាលរហោស្ថាន ដើម្បីស្តាប់ពាក្យពេចន៍ដ៏អស្ចារ្យរបស់ហោរាតែមួយគត់។ លោកយ៉ូហានដាក់ពូថៅនៅឫសដើមឈើ។ គាត់បានស្ដីបន្ទោសដល់លទ្ធផលនៃការមិនភ័យខ្លាចចំពោះអំពើបាប និងបានរៀបចំផ្លូវសំរាប់កូនចៀមរបស់ព្រះ។GCKh 13.3

    ស្តេចហេរូឌត្រូវបានទទួលឥទ្ធិពល នៅពេលដែលទ្រង់បានស្តាប់ទីបន្ទាល់ដ៏អស្ចារ្យ និងចំៗរបស់លោកយ៉ូហាន។ ដោយការចាប់អារម្មណ៍ជាខ្លាំង ព្រះអង្គបានសួរអំពីអ្វីដែលទ្រង់ធ្វើ ដើម្បីអោយក្លាយជាសិស្សរបស់គាត់។ លោកយ៉ូហានបានដឹងយ៉ាងច្បាស់អំពីរឿងពិត ដែលទ្រង់ប្រុងនឹងរៀបអាពាហ៍ពិពាហ៍ជាមួយប្រពន្ធរបស់ព្រះអនុជទ្រង់ ដែលស្វាមីរបស់នាងនៅរស់នៅឡើយ ហើយបានទូលដល់ស្តេចហេរូឌដោយស្មោះត្រង់ថា វាមិនត្រឹមត្រូវតាមច្បាប់ទេ។ ស្តេចហេរូឌពុំមានបំណងលះបង់ឡើយ។ ទ្រង់បានរៀបអាពាហ៍ពិពាហ៍ជាមួយនឹងប្រពន្ធរបស់ព្រះអនុជរបស់ព្រះអង្គ ផ្ទាល់ ហើយតាមរយៈឥទ្ធិពលរបស់នាងនោះ លោកយ៉ូហានក៏ត្រូវគេចាប់ដាក់គុក។ ប៉ុន្តែ ស្តេចហេរូឌមានបំណងនឹងដោះលែងគាត់ចេញវិញ។ នៅពេលជាប់ឃុំឃាំង លោកយ៉ូហានបានឮតាមរយៈសិស្សរបស់គាត់នូវការងារដ៏មានឫទ្ធិបារមីរបស់ព្រះយេស៊ូវ។ គាត់មិនអាចស្តាប់ព្រះបន្ទូលទ្រង់បានទេ ប៉ុន្តែពួកសិស្សរបស់គាត់បានប្រាប់គាត់ និងកំសាន្តចិត្តគាត់ពីអ្វីដែលពួកគាត់បានឮ។ មិនយូរប៉ុន្មាន លោកយ៉ូហានត្រូវបានគេកាត់ក ដោយសារតែឥទ្ធិពលនៃមហេសីរបស់ស្តេចហេរូឌ។ ខ្ញុំបានឃើញថា សិស្ស ដ៏តូចបំផុតដែលបានដើរតាមព្រះយេស៊ូវ ធ្វើទីបន្ទាល់ពីការអស្ចារ្យរបស់ទ្រង់ និងឮពាក្យពេចន៍លួងលោមកំសាន្តចិត្ត ដែលបានមានបន្ទូលចេញពីព្រះឱស្ឋទ្រង់ នឹងបានធំជាងលោកយ៉ូហាន។ ហេតុនេះហើយពួកគេបានត្រូវលើកដំកើងឡើង ហើយកាន់តែមានអំណរនៅក្នុងជីវិតរបស់ពួកគេ។GCKh 14.1

    លោកយ៉ូហានបានលេចមកក្នុងព្រះវិញ្ញាណ និងអំណាចរបស់អេលីយ៉ាដើម្បីប្រកាសអំពីការយាងមកជាលើកទីមួយរបស់ព្រះយេស៊ូវ។ ខ្ញុំត្រូវបានគេចង្អុលបង្ហាញនូវថ្ងៃចុងក្រោយបង្អស់ ហើយបានឃើញថា យ៉ូហានបានតំណាងអោយអ្នកដែលត្រូវចេញទៅក្នុងវិញ្ញាណ និងអំណាចរបស់អេលីយ៉ាដើម្បីប្រកាសប្រាប់អោយដឹងអំពីថ្ងៃនៃការឃោរឃៅ និងការយាងមកជាលើកទីពីររបស់ព្រះយេស៊ូវ។ បន្ទាប់ពីការជ្រមុជទឹក របស់ព្រះយេស៊ូវនៅទន្លេយ័រដាន់មក ព្រះវិញ្ញាណបរិសុទ្ធបាននាំទ្រង់ទៅឯទីរហោស្ថានដើម្បីអោយអារក្សល្បួង។ ព្រះវិញ្ញាណបរិសុទ្ធបានប្រទានកម្លាំងដល់ទ្រង់ អោយទប់ទល់ចំពោះឆាកជីវិតដ៏ពិសេសនៃការល្បួងដ៏ខ្លាំងក្លានេះ។ ទ្រង់ត្រូវអារក្សល្បួងសែសិបថ្ងៃ ហើយនៅពេលនោះទ្រង់មិនបានសោយអ្វីសោះឡើយ។ អ្វីៗទាំងឡាយ ដែលនៅជុំវិញព្រះយេស៊ូវសុទ្ធតែក្រៀមក្រំដែលមនុស្សម្នាគេគេចវេះ។ ទ្រង់នៅជាមួយសត្វព្រៃនិងអារក្សនៅក្នុងទីស្ងាត់ដាច់ស្រយាល។ ខ្ញុំបានឃើញព្រះរាជបុត្រានៃព្រះ ស្លេកស្លាំងនិងស្គមស្គាំងដោយការតមអត់អាហារ និងការឈឺចាប់។ ប៉ុន្តែទ្រង់នៅតែតម្រង់ទិសដៅដដែល ហើយទ្រង់ត្រូវតែសំរេចកិច្ចការដែលទ្រង់បានយាងមកបំពេញ។GCKh 15.1

    សាតាំងបានយកចំណេញពីការឈឺចាប់របស់ព្រះរាជបុត្រានៃព្រះ ហើយរៀបចំដណ្ដើមយកជ័យជំនះពីទ្រង់ ដោយការល្បួងផ្សេងៗជាច្រើន។ ដោយសង្ឃឹមថាវាអាចយកជ័យជំនះពីទ្រង់បាន ដោយសារទ្រង់បានបន្ទាបអង្គទ្រង់មកជាមនុស្ស។ សាតាំងបានមកជាមួយនឹងសេចក្ដីល្បួងថា បើអ្នកជាព្រះរាជបុត្រានៃព្រះមែន ចូរបង្គាប់ដុំថ្មនេះអោយក្លាយជានំប៉័ងចុះ។ វាបានល្បួងព្រះយេស៊ូវអោយដំកើងខ្លួនឯង ហើយបង្ហាញដល់ វាថាទ្រង់គឺជាព្រះមែស៊ីដោយប្រើអំណាចនៃព្រះ។ ព្រះយេស៊ូវបានឆ្លើយតបយ៉ាងចំៗ ទៅវាថា “ដ្បិតមានសេចក្ដីចែងទុកមកថា មនុស្សមិនមែនរស់ដោយសារតែនំប៉័ងប៉ុណ្ណោះទេ គឺដោយសារគ្រប់ទាំងព្រះបន្ទូលដែលចេញពីព្រះឱស្ឋព្រះផងដែរ”។GCKh 16.1

    សាតាំងបានស្វែងរកទំនាស់ជាមួយនឹងព្រះយេស៊ូវ ទាក់ទងទៅនឹងភាពជាព្រះរាជបុត្រានៃព្រះរបស់ទ្រង់។ វាសំដៅទៅលើភាពទន់ខ្សោយ ការឈឺចាប់របស់ទ្រង់ និងបញ្ជាក់ដោយអំនួតថា វាខ្លាំងជាងព្រះយេស៊ូវ។ ប៉ុន្តែ ព្រះបន្ទូលថ្លែងចេញពីស្ថានសួគ៌មកថា នេះជាកូនស្ងួនភ្ងាអញ ជាទីពេញចិត្តអញណាស់។ វាល្មមគ្រប់គ្រាន់សំរាប់ពង្រឹងព្រះយេស៊ូវនូវគ្រប់ការឈឺចាប់ទាំងអស់។ ខ្ញុំបានឃើញថា នៅគ្រប់ទាំងបេសកកម្មរបស់ទ្រង់ ព្រះអង្គមិនបានបង្ហាញឱ្យសាតាំងឃើញថា ទ្រង់ជាព្រះអង្គ សង្គ្រោះនៃលោកីយ៍នេះឡើយ។ សាតាំងមានភស្តុតាងគ្រប់គ្រាន់អំពីឋានៈ និងអំណាចដ៏ខ្ពស់របស់ទ្រង់។ ការមិនសុខចិត្តរបស់វាក្នុងការទទួលស្គាល់អំណាចព្រះយេស៊ូវនេះហើយ ដែលបានធ្វើអោយវាធ្លាក់ចុះពីស្ថានសួគ៌។GCKh 16.2

    សាតាំងបាននាំព្រះយេស៊ូវទៅកាន់ទីក្រុងយេរូសាឡិម ដើម្បីបញ្ជាក់ពីកម្លាំងរបស់វា ហើយដាក់ទ្រង់នៅលើកំពូលព្រះវិហារ រួចល្បួងទ្រង់ម្ដងទៀតថា ប្រសិនបើ ទ្រង់ជាព្រះរាជបុត្រានៃព្រះ អ្នកត្រូវបង្ហាញភស្តុតាង ដោយលោតពីកំពូលដ៏ខ្ពស់នេះចុះទៅ។ សាតាំងបានមកជាមួយនឹងពាក្យពេចន៍នៃសេចក្ដីល្បួង។ ដ្បិតមានសេចក្ដីចែងទុកមកថា ព្រះនឹងចាត់ទេវតាមកទ្រអ្នក ក្រែងជើងអ្នកទង្គិចនឹងថ្ម។ ព្រះយេស៊ូវឆ្លើយតបដោយមានបន្ទូលទៅកាន់វាថា “ដ្បិតមានសេចក្ដីចែងទុកមកដូច្នេះថា ឯងមិនត្រូវល្បងលព្រះអម្ចាស់នៃឯងឡើយ”។ សាតាំងមានបំណងធ្វើអោយព្រះយេស៊ូវប្រើប្រាស់សេចក្ដីមេត្តាករុណារបស់ព្រះវរបិតា ហើយប្រថុយព្រះជន្មរបស់ទ្រង់ចំពោះ ការបំពេញបេសកកម្មរបស់ទ្រង់។ វាសង្ឃឹមថាផែនការនៃសេចក្ដីសង្គ្រោះនឹងត្រូវបរាជ័យ ប៉ុន្តែខ្ញុំបានឃើញថា ផែនការត្រូវបានរៀបចំឡើងយ៉ាងមាំដើម្បីនឹងរំលំផែនការ ឬការធ្វើអោយសៅហ្មងរបស់សាតាំង។GCKh 16.3

    ខ្ញុំបានឃើញថា ព្រះគ្រីស្ទគឺជាគំរូដល់គ្រីស្ទានទាំងអស់នៅពេលត្រូវល្បួង ឬនៅគ្រាមានទំនាស់។ គេត្រូវតែទប់ទល់ដោយអំណត់។ គេមិនត្រូវមានអារម្មណ៍ថាគេមានសិទ្ធិនឹងសុំអោយព្រះប្រើអំណាចរបស់ព្រះអង្គដើម្បីអោយខ្លួនមានជ័យជំនះទៅលើសត្រូវរបស់ខ្លួនឡើយ។ លុះត្រាណាតែមានកម្មវត្ថុនៅក្នុងគំនិតជាពិសេសណាមួយ ដែលសិរីល្អរបស់ព្រះត្រូវបានសរសើរដំកើងឡើងដោយសារការនោះ។ ខ្ញុំបានឃើញថា ប្រសិនបើព្រះយេស៊ូវបានទម្លាក់អង្គទ្រង់ពីលើកំពូលព្រះវិហារមក វាមិនបានសរសើរ ដំកើងដល់ព្រះវរបិតាទ្រង់និងទេវតារបស់ព្រះឡើយ ដ្បិតនឹងគ្មានអ្នកណានឹងធ្វើទីបន្ទាល់ពីការនោះឡើយ មានតែសាតាំងប៉ុណ្ណោះ ហើយវាជាការល្បួងដល់ព្រះដើម្បី អោយទ្រង់ប្រើអំណាចរបស់ទ្រង់ទៅលើសត្រូវដ៏ជូរចត់របស់ទ្រង់។ វានឹងដំឡើងឫទ្ធិដាក់អ្នកដែលព្រះយេស៊ូវបានយាងមកដើម្បីយកជ័យជំនះ ហើយសាតាំងបាននាំទ្រង់ ទៅកាន់កំពូលភ្នំដ៏ខ្ពស់ បង្ហាញទ្រង់ទតនូវនគរទាំងឡាយក្នុងលោកីយ៍ ហើយសាតាំងបាននិយាយទៅទ្រង់ថា បើឯងថ្វាយបង្គំខ្ញុំ ខ្ញុំនឹងអោយនគរទាំងនេះ និងសិរីល្អរបស់វា ដល់អ្នក ដ្បិតនគរទាំងនេះជារបស់ខ្ញុំ ខ្ញុំនឹងអោយទៅអ្នកណាតាមតែចិត្តខ្ញុំ។ ព្រះយេស៊ូវមានបន្ទូលឆ្លើយទៅសាតាំងវិញថា “នែសាតាំងចូរថយចេញទៅ ដ្បិតមានសេចក្ដីចែងទុកមកថា ឯងត្រូវថ្វាយបង្គំដល់ព្រះអម្ចាស់ជាព្រះនៃឯង តែមួយអង្គប៉ុណ្ណោះ”។GCKh 17.1

    ត្រង់នេះ សាតាំងបានបង្ហាញនគរក្នុងលោកីយ៍ទាំងមូលទៅព្រះយេស៊ូវ វាបង្ហាញនូវពន្លឺដ៏គួរអោយចាប់អារម្មណ៍បំផុត។ វានឹងអោយទាំងអស់ទៅព្រះយេស៊ូវ ប្រសិនបើទ្រង់ថ្វាយបង្គំដល់វា។ វាបានទូលព្រះយេស៊ូវថា វានឹងលះបង់ចោលនូវការទាមទារទ្រព្យសម្បត្តិលោកីយ៍របស់វា។ សាតាំងដឹងថាអំណាចរបស់វាមានព្រំដែន ហើយទីបំផុតនឹងត្រូវដកយកចេញប្រសិនបើផែនការនៃសេចក្ដីសង្គ្រោះត្រូវបានសំរេច។ វាបានដឹងច្បាស់ថាប្រសិនបើព្រះយេស៊ូវត្រូវបានសុគត ដើម្បីលោះបាបមនុស្សលោក អំណាចរបស់វានឹងត្រូវបញ្ចប់ បន្ទាប់ពីពេលនោះតទៅ ហើយវាក៏នឹងត្រូវបានបំផ្លាញ។ ហេតុដូច្នេះហើយបានជាវាមានផែនការដែលបានរៀបចំយ៉ាងត្រឹមត្រូវ ដើម្បីទប់ស្កាត់ ការសំរេចការងារដែលបានបង្គាប់ដល់ព្រះរាជបុត្រានៃព្រះ ប្រសិនបើអាចធ្វើទៅបាន។ ប្រសិនបើផែនការនៃការលោះបាបមនុស្សលោកត្រូវបរាជ័យ វានៅតែរក្សានគរដែលវាបានដណ្ដើមយកនោះដដែល។ ហើយប្រសិនបើវាមានជោគជ័យ វានឹងដំកើងខ្លួនវាថា វាអាចគ្រប់គ្រងទ្រព្យសម្បត្តិរបស់ព្រះនៅនគរស្ថានសួគ៌។GCKh 18.1

    សាតាំងបានសំដែងសេចក្ដីរីករាយយ៉ាងក្រៃលែង នៅពេលដែលព្រះយេស៊ូវបានចាកចេញពីស្ថានសួគ៌ និងចាកចេញពីអំណាចនិងសិរីល្អរបស់ទ្រង់នៅទីនោះ។ វាបានគិតថា ព្រះរាជបុត្រានៃព្រះត្រូវបានប្រគល់មកក្នុងអំណាចវាហើយ។ សេចក្ដីល្បួងបាន កើតឡើងយ៉ាងងាយស្រួលចំពោះគូស្រករបរិសុទ្ធមួយនៅសួនច្បារអេដែន ដែលវាសង្ឃឹមថា ដោយសារល្បិចកលរបស់វា វាអាចផ្តួលរំលំទាំងព្រះរាជបុត្រានៃព្រះបាន GCKh 18.2

    ហើយអាចរក្សាជីវិតនិងនគររបស់វាបាន។ ប្រសិនបើវាអាចល្បួងព្រះយេស៊ូវអោយងាកបែរចេញពីព្រះហឫទ័យនៃព្រះវរបិតាបាន នោះគោលបំណងរបស់វានឹងបាន សំរេច។ ព្រះយេស៊ូវបានកំចាត់សាតាំងអោយចេញពីទ្រង់។ ទ្រង់ត្រូវតែថ្វាយបង្គំចំពោះព្រះវរបិតាតែប៉ុណ្ណោះ។ ពេលវេលាដែលព្រះយេស៊ូវត្រូវលោះមនុស្សពីសាតាំងដោយព្រះជន្មរបស់ទ្រង់ផ្ទាល់បានមកដល់ហើយ ហើយបន្ទាប់ពីពេលនោះមក អ្វីៗទាំងអស់នៅស្ថានសួគ៌ និងផែនដីត្រូវតែចុះចូលជាមួយនឹងទ្រង់។ សាតាំងបានទាមទារថា ផែនដីជារបស់វា ហើយវានិយាយបញ្ឆិតបញ្ឆៀងទៅព្រះយេស៊ូវថា ការឈឺចាប់របស់ទ្រង់ អាចត្រូវបានសង្គ្រោះ។ ទ្រង់មិនចាំបាច់ត្រូវសុគត ដើម្បីរក្សានគរលោកីយ៍នេះឡើយ។ ប៉ុន្តែ ទ្រង់អាចគ្រប់គ្រងលើនគរទាំងនោះ និងសិរីរុងរឿងរបស់វាផង ប្រសិនបើទ្រង់គ្រាន់តែថ្វាយបង្គំដល់វាតែប៉ុណ្ណោះ។ ព្រះយេស៊ូវមិនបានប្រែប្រួលឡើយ។ ទ្រង់បានជ្រើសរើសយកការឈឺចាប់ដល់ព្រះជន្មរបស់ព្រះអង្គ យកការសុគតយ៉ាងឈឺចាប់ហើយនៅក្នុងរបៀបដែលព្រះវរបិតាបានតំរូវអោយទ្រង់។ ដើម្បីគ្រប់គ្រងនគរផែនដី ដោយស្របច្បាប់ ហើយមរតកទាំងអស់ត្រូវប្រគល់ទៅលើព្រះហស្តរបស់ទ្រង់ដ៏អស់កល្ប។ សាតាំងក៏នឹងត្រូវប្រគល់ថ្វាយទ្រង់ដើម្បីនឹងបំផ្លាញ ដោយសេចកី្តស្លាប់ ដែលមិនអាចនឹងមករំខានដល់ព្រះយេស៊ូវ ឬអ្នកបរិសុទ្ធក្នុងសិរីល្អតទៅទៀតឡើយ។GCKh 19.1

    ________________________________________
    សូមអាន ចោទិយកថា ៦:១៦, ៨:៣ ពង្សាវតាក្សត្រទី២ ១៧:៣៥-៣៦ ទំនុកដំកើង ៩១:១១-១២, លូកាជំពូក ២-៤។
    GCKh 19.2