Loading...
Larger font
Smaller font
Copy
Print
Contents
Great Controversy 1858 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    ជំពូកទី២៧ - ទីបរិសុទ្ធ

    ពេលនោះ ខ្ញុំបានឃើញការខកចិត្តយ៉ាងធ្ងន់ធ្ងរនៃរាស្ត្ររបស់ព្រះ។ គេមិនបានឃើញព្រះយេស៊ូវនៅពេលដែលគេបានរំពឹងគិតឡើយ។ គេមិនដឹងថា តើហេតុអ្វីបានជាព្រះអង្គសង្គ្រោះរបស់គេមិនយាងមកដូច្នេះទេ។ គេមិនអាចឃើញភស្តុតាងអ្វីដែលបញ្ជាក់ថាពេលវេលានៃបទទំនាយមិនទាន់ចប់នោះទេ។ ទេវតាបានមានបន្ទូលថា តើព្រះបន្ទូលរបស់ព្រះបានបរាជ័យ ឬតើព្រះខកខានមិនបានបំពេញសេចក្ដីសន្យារបស់ទ្រង់ឬ? ទេទ្រង់បានបំពេញគ្រប់ទាំងសេចក្ដីសន្យារបស់ទ្រង់ទាំងអស់។ ព្រះយេស៊ូវ ត្រូវបានលើកឡើង ហើយបានបិទទ្វារនៃទីបរិសុទ្ធនៃរោងឧបោសថនៃស្ថានសួគ៌ ហើយបានបើកទ្វារទីបរិសុទ្ធបំផុត និងបានយាងចូលទៅក្នុងដើម្បីសំអាតទីបរិសុទ្ធ។ ទេវតាបានមានបន្ទូលថា អ្នកដែលរង់ចាំដោយអត់ធ្មត់នឹងបានយល់ពីអាថ៌កំបាំង។ មនុស្សបានគិតខុសប៉ុន្តែគ្មានការបរាជ័យនៅខាងចំណែករបស់ព្រះគ្រីស្ទឡើយ។ អ្វីទាំងអស់ដែល ព្រះបានសន្យាបានសំរេចហើយ ប៉ុន្តែមនុស្សសំឡឹងមើលមកផែនដីដោយភ័ន្តច្រឡំដោយជឿថា ផែនដីនោះជាទីបរិសុទ្ធដែលត្រូវបោសសំអាតនៅចុងបំផុតនៃរយៈពេលនៃបទទំនាយទៅវិញ។ ការរំពឹងរបស់មនុស្សបានបរាជ័យ ប៉ុន្តែសេចក្ដីសន្យារបស់ព្រះមិនខុសទាល់តែសោះ។ ព្រះយេស៊ូវបានចាត់ទេវតារបស់ទ្រង់អោយតម្រង់ផ្លូវអ្នកខកចិត្តដើម្បីដឹកនាំគំនិតរបស់គេទៅកាន់ទីបរិសុទ្ធបំផុត ដែលទ្រង់បានយាងចូល ដើម្បីសំអាតទីបរិសុទ្ធ និងលោះអោយធួននឹងបាបរបស់សាសន៍អ៊ីស្រាអែល។ ព្រះយេស៊ូវបានប្រាប់ដល់ទេវតាថា អ្នកទាំងឡាយដែលបានរកទ្រង់ឃើញនឹងយល់ពីការងារដែលទ្រង់នឹងធ្វើ។ ខ្ញុំបានឃើញថា នៅពេលដែលព្រះយេស៊ូវបានគង់នៅក្នុងទីបរិសុទ្ធបំផុត ទ្រង់បានអភិសេកជាមួយទីក្រុងយេរូសាឡិមថ្មី ហើយបន្ទាប់ពីទ្រង់បានបំពេញការងាររបស់ទ្រង់នៅក្នុងទីបរិសុទ្ធបំផុត រួចមកទ្រង់នឹងយាងមកកាន់ផែនដីដោយអំណាចដ៏សប្បុរស និងយកអ្នកសុចរិតជាអ្នកដែលបានរង់ចាំការយាងមកវិញរបស់ទ្រង់ដោយអត់ធ្មត់ទៅឯទ្រង់។GCKh 139.1

    បន្ទាប់មកទេវតាបានបង្ហាញខ្ញុំនូវអ្វីដែលបានកើតឡើងនៅស្ថានសួគ៌ នៅពេលដែលរយៈពេលនៃបទទំនាយបានបញ្ចប់ នៅឆ្នាំ១៨៤៤។ ខ្ញុំបានឃើញថានៅពេលដែលការងាររបស់ព្រះយេស៊ូវនៅទីបរិសុទ្ធបានចប់ហើយ ទ្រង់បានបិទទ្វារអាគារ នោះភាពងងឹតយ៉ាងធំ បានគ្របលើអ្នកដែលបានឮ និងបានបដិសេធដំណឹងនៃការយាងមកវិញ របស់ព្រះគ្រីស្ទ ហើយគេក៏មើលទ្រង់លែងឃើញ។ ពេលនោះព្រះយេស៊ូវបានតែងអង្គដោយព្រះពស្ត្រាដ៏មានតម្លៃ។ នៅជុំវិញផ្នែកខាងក្រោមនៃព្រះពស្ត្រទ្រង់ មានត្បូងនិងកន្ទឹម ទ្រង់បានទម្លាក់ពីស្មារបស់ទ្រង់នូវការងារដ៏មានតម្លៃ។ ហើយនៅពេលដែលព្រះអង្គធ្វើចលនា វាបានបញ្ចេញពន្លឺដូចពេជ្រ បង្ហាញអក្សរដូចជាបានសរសេរឈ្មោះ ឬឆ្លាក់នៅលើអាវកាក់មាស។ បន្ទាប់ពីទ្រង់បានតែងអង្គទ្រង់រួចស្រេចជាមួយនឹងរបស់ម៉្យាង នៅលើព្រះសិរទ្រង់មើលទៅដូចជាម្កុដនោះមក ទេវតាបានព័ទ្ធជុំវិញទ្រង់ ហើយឆ្លងទៅក្នុងជាន់ទីពីរដោយរាជរថនៃអណ្ដាតភ្លើង។ ពេលនោះ ខ្ញុំត្រូវបានគេបង្គាប់អោយកត់សំគាល់នូវអាគារទាំងពីរនៅទីបរិសុទ្ធនៃស្ថានសួគ៌។ វាំងននឬទ្វារបានបើក ហើយគេបានអនុញ្ញាតអោយខ្ញុំចូលទៅ។ នៅក្នុងអាគារទីមួយ ខ្ញុំបានឃើញជើងចង្កៀងដែលមានចង្កៀងប្រាំពីរ ដែលមើលទៅភ្លឺចាំង ព្រមទាំងតុដែលមាននំប៉័ងតាំងទុកនៅពីលើ និងអាសនាគ្រឿងក្រអូប និងកំញាណ។ គ្រឿងសង្ហារឹមទាំងអស់ នៅក្នុងអាគារនេះ មើលទៅដូចជាមាសសុទ្ធ ហើយបានចាំងរូបអ្នកដែលចូលទៅកន្លែងនោះ។ វាំងននដែលបាំងខ័ណ្ឌចែក អាគារទាំងពីរនេះ មើលទៅភ្លឺ រុងរឿងណាស់។ វាធ្វើពីសំភារៈខុសៗគ្នា ហើយមានពណ៌ផ្សេងៗគ្នាដែលមានរឹមយ៉ាងស្អាតដែលមានរួបចម្លាក់មាសជាតំណាងទេវតានៅពីលើបន្ទប់នោះត្រូវបានគេលើកឡើង ហើយខ្ញុំបានគន់មើលទៅក្នុងអាគារទីពីរ។ ទីនោះ ខ្ញុំបានឃើញហិបមួយដែលបានលេចឡើងជាមាសសុទ្ធ។ នៅជាយជុំវិញហិបខាងលើមានស្នាដៃដ៏អស្ចារ្យតំណាងអោយមកុដ។ វាធ្វើពីមាសសុទ្ធ។ នៅក្នុងហិប មានបន្ទះថ្មដែលមានសរសេរក្រិត្យវិន័យដប់ប្រការ។ នៅចុងទាំងសងខាងនៃហិប មានចេរូបីនដ៏គួរអោយស្រឡាញ់ដែលមានស្លាបត្រដាងលើហិបនោះ។ ស្លាបរបស់លោកបានលើកឡើងយ៉ាងខ្ពស់ ហើយប៉ះគ្នានៅពីលើព្រះសិររបស់ព្រះយេស៊ូវនៅពេលដែលទ្រង់បានឈរនៅក្បែរហិប ព្រះភ័ក្ត្ររបស់លោកបែររកគ្នា ហើយលោកសំឡឹងមើលទៅហិបខាងក្រោម ទតមើលទៅបញ្ញត្តិរបស់ព្រះដោយយកព្រះទ័យទុកដាក់។ នៅចន្លោះ ចេរូបីនទាំងពីរ មានកំញាណមាស។ ហើយនៅពេលដែលសេចក្ដីអធិស្ឋានរបស់ពួកបរិសុទ្ធបានមកឯព្រះយេស៊ូវ ទ្រង់បានថ្វាយសេចក្ដីអធិស្ឋានទាំងនោះទៅឯព្រះវរបិតា ក្លិនក្រអូបឈ្ងុយឈ្ងប់បានចេញពីកំញាណនោះ។ មើលទៅវាដូចជាផ្សែងដែលមានពណ៌យ៉ាងស្អាត។ នៅពីលើកន្លែងដែលព្រះយេស៊ូវបានឈរពីមុខហិប ខ្ញុំបានឃើញសិរីល្អដ៏មានពន្លឺភ្លឺថ្លាដែលខ្ញុំមិនមើលចំឡើយ។ វាលេចឡើងដូចជាបល្ល័ង្កដែលព្រះបានគង់នៅ។ នៅពេលដែលកំញាណបានឡើងទៅឯព្រះវរបិតា សិរីល្អដ៏អស្ចារ្យបានចេញពីបល្ល័ង្ករបស់ព្រះវរបិតាទៅឯព្រះយេស៊ូវ ហើយចេញពីព្រះយេស៊ូវវាបានចាំងទៅលើអ្នកដែលសេចក្ដីអធិស្ឋានរបស់គេ បានឡើងទៅដូចជាកំញាណដ៏ក្រអូបឈ្ងុយឈ្ងប់។ ពន្លឺ និងសិរីល្អបានចាក់ទៅលើព្រះយេស៊ូវយ៉ាងបរិបូរចោលស្រមោលទៅលើទីសន្តោសប្រោស ហើយខ្សែនៃសិរីល្អក៏បានបំពេញព្រះវិហារទាំងមូល។ ខ្ញុំមិនអាចមើលទៅសិរីល្អនោះបានទៀតឡើយ។គ្មានភាសាណាអាចពិពណ៌នាពីសិរីល្អនោះបានឡើយ។ ខ្ញុំមាន ការរំភើបយ៉ាងខ្លាំង ហើយបានបែរចេញពីទស្សនីយភាពដ៏មានចេស្ដា និងសិរីរុងរឿង នោះ។GCKh 140.1

    ទេវតាបានបង្ហាញខ្ញុំនូវទីបរិសុទ្ធនៅផែនដីដែលមានអាគារពីរ។ វាដូចជាទីបរិសុទ្ធនៅស្ថានសួគ៌ដូច្នេះដែរ។ ទេវតាបានប្រាប់ខ្ញុំថា វាគឺជាទីបរិសុទ្ធនៅផែនដីជារូបរាងនៃទីបរិសុទ្ធនៃស្ថានសួគ៌។ គ្រឿងសង្ហារឹមនៅអាគារទីមួយនៃទីបរិសុទ្ធនៃផែនដីដូចជាអាគារទីមួយនៃទីបរិសុទ្ធនៃស្ថានសួគ៌ដែរ។ អាគារបានលើកឡើង ហើយខ្ញុំបានមើលទៅក្នុងទីបរិសុទ្ធនៃទីបរិសុទ្ធបំផុត ហើយបានឃើញថាគ្រឿងសង្ហារឹមក៏ដូចជាទីបរិសុទ្ធបំផុតនៅស្ថានសួគ៌ដែរ។ សង្ឃបានធ្វើការបូជានៅអាគារទាំងពីរនេះនៅផែនដី។ នៅក្នុងអាគារទីមួយ សង្ឃបានធ្វើការរាល់ថ្ងៃក្នុងមួយឆ្នាំ ហើយបានចូលទៅ ក្នុងទីបរិសុទ្ធបំផុតម្ដងក្នុងមួយឆ្នាំ ដើម្បីសំអាតពីអំពើបាបដែលបាននាំមកដាក់នៅទីនោះ។ ខ្ញុំបានឃើញថា ព្រះយេស៊ូវបានធ្វើការនៅក្នុងអាគារទាំងពីរនោះនៅទីបរិសុទ្ធនៃស្ថានសួគ៌។ ទ្រង់បានចូលទៅក្នុងទីបរិសុទ្ធនៃស្ថានសួគ៌ដោយលះបង់ព្រះលោហិតរបស់ទ្រង់ផ្ទាល់។ សង្ឃនៅផែនដីត្រូវបានដកចេញដោយការសុគត ហេតុដូច្នេះហើយបានជាពួកលោកមិនអាចបន្តទៅទៀតបាន ប៉ុន្តែខ្ញុំបានឃើញថា ព្រះយេស៊ូវគឺជាសង្ឃដ៏អស់កល្ប។ តាមរយៈយញ្ញបូជានិងការលះបង់ បាននាំមកកាន់ទីបរិសុទ្ធនៅផែនដី កូនចៅអ៊ីស្រាអែលត្រូវតែចាប់យកសេចក្ដីល្អរបស់ព្រះអង្គសង្គ្រោះដែលនឹងយាងមក។ ហើយនៅក្នុងព្រះតម្រិះរបស់ព្រះ ការងារដ៏ចាំបាច់នេះ ព្រះបានប្រទានដល់យើង ដែលយើងត្រូវតែមើលត្រឡប់ក្រោយទៅឯការនោះ ហើយយល់ពីការងាររបស់ព្រះយេស៊ូវនៅក្នុងទីបរិសុទ្ធនៅស្ថានសួគ៌។GCKh 142.1

    នៅគ្រាជាប់ឆ្កាងពេលដែលព្រះយេស៊ូវបានសុគតនៅកាល់វ៉ារី ទ្រង់បានស្រែកថា ការស្រេចហើយ ហើយវាំងននក្នុងព្រះវិហារបានរហែកជាពីរ ពីលើចុះក្រោម។ ការនេះបង្ហាញថា ការងារនៅទីបរិសុទ្ធនៃផែនដីបានចប់ជារៀងរហូតហើយ ហើយថា ព្រះនឹងមិនជួបជាមួយពួកគេតទៅទៀតនៅក្នុងព្រះវិហារនៅផែនដីនេះ ដើម្បីទទួលយញ្ញបូជារបស់គេឡើយ។ ពេលនោះ ព្រះលោហិតរបស់ព្រះយេស៊ូវបានខ្ចាយ ហើយដែលទ្រង់ត្រូវធ្វើការដោយព្រះអង្គផ្ទាល់នៅក្នុងទីបរិសុទ្ធនៅស្ថានសួគ៌។ ដូចដែលសង្ឃបានចូលទៅក្នុងទីបរិសុទ្ធបំផុតនៅផែនដីមួយឆ្នាំម្ដង ដើម្បីសំអាតទីបរិសុទ្ធ ព្រះយេស៊ូវ បានយាងចូលទៅក្នុងទីបរិសុទ្ធបំផុតនៅស្ថានសួគ៌ នៅចុងបញ្ចប់នៃ២៣០០ថ្ងៃនៃគម្ពីរ ដានីយ៉ែល ជំពូក៨ នៅឆ្នាំ១៨៤៤ដើម្បីលោះអោយធួននឹងបាបសំរាប់អ្នកដែលអាចបានទទួលប្រយោជន៍ដោយការសំរុះសំរួល និងសំអាតទីបរិសុទ្ធរបស់ទ្រង់ទាំងអស់។GCKh 142.2

    ________________________________________
    សូមអាន និក្ខមនំ ជំពូក ២៥-២៨ លេវីវិន័យ ជំពូក ១៦
    ពង្សាវតាក្សត្រ ទី២ ២:១១ ដានីយ៉ែល ៨:១៤ ម៉ាថាយ ២៧:៥០-៥១ ហេព្រើរ ជំពូក ៩ វិវរណៈ ជំពូក២១។ -
    GCKh 143.1