Loading...
Larger font
Smaller font
Copy
Print
Contents
សេចក្តីសង្ឃឹម ដ៏អស្ចារ្យ - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    ការវាយសម្រុកចុងក្រោយបង្អស់ ប្រឆាំងទាស់នឹងព្រះ

    សាតាំងបានពិគ្រោះជាមួយពួកខ្លាំងពូកែទាំងនេះ។ ពួកគេពោលថា ប្រៀបធៀបជាមួយកងទ័ពរបស់ពួកគេ កងទ័ពនៅក្នុងទីក្រុងមានចំនួនតិចតួចណាស់ ហើយពួកគេអាចយកឈ្នះបានដោយងាយ។ ពួកសិប្បករដ៏មានជំនាញ នាំគ្នាផលិតឧបករណ៍សង្រ្គាម។ ពួកមេទ័ពបញ្ជាពួកអ្នកធ្វើសង្រ្គាមឲ្យទៅតាមក្រុម និងតាមផ្នែក។GrHKh 190.1

    នៅទីបំផុត ក៏មានបទបញ្ជាឲ្យចេញទៅមុខ ហើយកងទ័ពដែលមានចំនួនច្រើនរាប់មិនអស់ក៏ចេញដំណើរទៅ ជាកងទ័ពដ៏ធំមួយដែលទោះបើគេប្រមូលកងទ័ពពីគ្រប់ជំនាន់ក៏មិនអាចប្រៀបស្មើបានផង។ សាតាំងដឹកនាំពួកស្តេច និងពួកប្រដាប់អាវុធនៅក្នុងជួរទ័ពរបស់វា។ ដោយដឹងទីដៅប្រយុទ្ធប្រាកដហើយ ពួកកងទ័ពតាមឋានានុក្រមបានចេញទៅពេញលើផ្ទៃផែនដីដែលបាក់បែកសំដៅទៅរកទីក្រុងរបស់ព្រះ។ ដោយ ព្រះបន្ទូលបង្គាប់របស់ព្រះយេស៊ូវ ក្លោងទ្វារនៃទីក្រុងយេរូសាឡិម ថ្មីក៏បានបិទជិត ហើយកងទ័ពទាំងប៉ុន្មានរបស់សាតាំងបានហ៊ុមព័ទ្ធទីក្រុង ត្រៀមខ្លួនជាស្រេចដើម្បីចាប់ផ្តើមប្រយុទ្ធ។ ឥឡូវនេះព្រះយេស៊ូវទ្រង់លេចមកឲ្យពួកសត្រូវរបស់ព្រះអង្គបានឃើញ។ នៅលើគ្រឹះមាសដ៏រលោងខាងលើទីក្រុងដ៏ខ្ពស់ មានបល្ល័ង្កមួយ។ ព្រះរាជបុត្រានៃព្រះ គង់លើបល្ល័ង្កនោះ ហើយរាស្រ្តនៃនគររបស់ព្រះអង្គនៅព័ទ្ធជុំវិញ។ សិរីរុងរឿងនៃព្រះវរបិតាដ៏អស់កល្ប ព័ទ្ធជុំវិញព្រះរាជបុត្រា។ ពន្លឺភ្លឺចិញ្ចែងនៃវត្តមានព្រះអង្គ ចាំងជះចេញពីក្លោងទ្វារ ជោរជន់ផែនដី ដោយកាំរស្មីភ្លឺចិញ្ចែងចិញ្ចាច។ GrHKh 190.2

    នៅជិតបល្ល័ង្កបំផុត គឺជាពួកដែលធ្លាប់បានជឿតាមការបោកបញ្ឆោតរបស់សាតាំង ប៉ុន្តែ គេបានដកខ្លួនចេញ ដូចដកកន្ទុយឧសចេញពីភ្លើងកំពុងឆេះ ហើយបានដើរតាមព្រះអង្គសង្រ្គោះដោយចិត្តកោតខ្លាច។ បន្ទាប់ពីនោះ ពួកអ្នកមានចរិតលក្ខណៈគ្រប់លក្ខណ៍ នៅកណ្តាលចំណោមពួកខុសឆ្គងនិងពួកកំផិត ជាពួកអ្នកដែលបានលើកតម្កើងក្រឹត្យវិន័យរបស់ព្រះក្នុងពេលដែលលោកិយបំបាត់ក្រឹត្យវិន័យនោះឲ្យទៅជាអសាបង់ ហើយនិងមនុស្សរាប់លាននាក់នៅគ្រប់ជំនាន់ ដែលបានប្តូរផ្តាច់ចំពោះសេចក្តីជំនឿរបស់ខ្លួន។ លើសពីនោះទៀត គឺជា «មនុស្សមួយហ្វូងយ៉ាងធំ ដែលគ្មានអ្នកណាអាចនឹងរាប់អស់ឡើយ គេមកពីគ្រប់ទាំងសាសន៍ គ្រប់ទាំងពូជមនុស្ស គ្រប់ទាំងគ្រួសារ ហើយគ្រប់ទាំងភាសា…ទាំងពាក់អាវសវែង ហើយកាន់ធាងចាកនៅដៃ » (វិវរណៈ ៧:៩)។ ចម្បាំងរបស់គេបានបញ្ចប់ទៅ គេក៏មានជ័យជំនះ។ ធាងចាកជានិមិត្តរូបនៃជ័យជំនះ អាវសវែងជារូបសញ្ញានៃសេចក្តីសុចរិតនៃព្រះគ្រីស្ទដែលជារបស់ផងគេនៅពេលនេះ។GrHKh 191.1

    នៅក្នុងបណ្តាមនុស្សទាំងអស់នោះ គ្មាននរណាម្នាក់ហ៊ានអះអាងថាខ្លួនបានទទួលសេចក្តីសង្រ្គោះ ដោយអំពើល្អរបស់ខ្លួនឡើយ។ ក៏ពុំបាននិយាយអំពីអ្វីដែលខ្លួនបានទទួលរងឈឺចាប់ដែរ។ ទំនុកដ៏សំខាន់នៃបទចម្រៀងសរសើរតម្កើងរបស់គេ គឺសេចក្តីសង្រ្គោះជារបស់ព្រះនៃយើងនិងកូនចៀម។GrHKh 191.2