Loading...
Larger font
Smaller font
Copy
Print
Contents
Great Controversy 1858 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    ជំពូកទី៧ - ការឃុបឃិតចាប់ព្រះយេស៊ូវ

    ពេលនោះខ្ញុំត្រូវបានគេនាំទៅដល់ពេលវេលា ដែលព្រះយេស៊ូវបានសោយអាហារពេលល្ងាច ក្នុងពិធីបុណ្យរំលងជាមួយនឹងពួកសាវករបស់ទ្រង់។ សាតាំងបានបញ្ឆោតយូដាស ហើយអោយគាត់គិតថា គាត់គឺជាសាវកម្នាក់ក្នុងចំណោមសាវកដ៏ពិតរបស់ព្រះគ្រីស្ទ ប៉ុន្តែចិត្តរបស់គាត់គឺជាអ្នកលោភលន់ គាត់ធ្លាប់បានឃើញការដ៏អស្ចារ្យរបស់ព្រះយេស៊ូវ គាត់ធ្លាប់នៅជាមួយទ្រង់ នៅគ្រាដែលទ្រង់បានបំពេញការងារ ហើយបានចុះចូលជាមួយនឹងអំណាចដ៏ហួសវិស័យរបស់ទ្រង់ ដែលជាភស្តុតាងថា ទ្រង់គឺជា ព្រះមែស៊ី ប៉ុន្តែគាត់ជាមនុស្សកំណាញ់ និងលោភលន់។ គាត់ស្រឡាញ់ប្រាក់។ គាត់បានរអូរទាំចំពោះទឹកអប់ដ៏មានតម្លៃដែលនាងម៉ារីបានចាក់លើព្រះយេស៊ូវ។ នាងម៉ារីបានស្រឡាញ់ព្រះអម្ចាស់របស់នាង។ ទ្រង់បានអត់ទោសបាបដល់នាងជាច្រើន ហើយបានប្រោសប្អូនប្រុសជាទីស្រឡាញ់របស់នាងអោយរស់ពីស្លាប់ឡើងវិញ ហើយនាងបានគិតថា គ្មានអ្វីដែលមានតម្លៃច្រើនពេកសំរាប់នឹងថ្វាយដល់ព្រះយេស៊ូវនោះឡើយ។ ទឹកអប់ ដ៏ថ្លៃវិសេស នាងម៉ារីកាន់តែអាចបង្ហាញពីការដឹងគុណរបស់នាងចំពោះព្រះអង្គសង្គ្រោះកាន់តែខ្លាំងឡើង ដោយបូជាថ្វាយទៅទ្រង់។ ដើម្បីជាលេសនៃ ការលោភលន់របស់ខ្លួន យូដាសបាននិយាយថា ទឹកអប់នេះថ្លៃណាស់ គួរតែលក់យក លុយទៅចែកអ្នកក្រីក្រវិញ។ ដោយគាត់ជាមនុស្សអាត្មានិយម គាត់តែងតែលួចប្រើប្រាស់ឈ្មោះអ្នកក្រីក្រ ដែលជាការទទួលខុសត្រូវរបស់គាត់ សំរាប់ផលប្រយោជន៍ ខ្លួនគាត់ផ្ទាល់ដោយស្ងាត់កំបាំង។ យូដាសមិនបានយកចិត្តទុកដាក់ដល់ការកំសាន្តចិត្ត នឹងបំណងព្រះហឫទ័យរបស់ព្រះយេស៊ូវឡើយ ហើយគាត់បានបិទបាំងការលោភលន់ របស់ខ្លួនគាត់តែងតែ យកអ្នកក្រីក្រមកបិទបាំងធ្វើជាលេស។ ហើយសកម្មភាពនៃការ សប្បុរសរបស់នាងម៉ារី គឺជាការប៉ះពាល់យ៉ាងខ្លាំងបំផុតចំពោះគំនិតលោភលន់របស់គាត់។GCKh 29.1

    ផ្លូវសំរាប់ការល្បួងរបស់សាតាំងត្រូវបានរៀបចំដើម្បីស្វែងរកការរៀបចំទទួលនៅក្នុងចិត្តយូដាស។ ពួកយូដាបានស្អប់ព្រះយេស៊ូវ ប៉ុន្តែហ្វូងមនុស្សបានចោមរោមទ្រង់ ដើម្បីស្តាប់ព្រះបន្ទូលនៃគតិបណ្ឌិតរបស់ទ្រង់ និងមើលការងារដ៏មានព្រះចេស្ដារបស់ទ្រង់។ ការនេះបានទាក់ទាញពួកមនុស្សចេញពីសម្តេចសង្ឃ និងពួកអ្នកដឹកនាំ ត្បិតពួក មនុស្សត្រូវបានពុះកញ្ជ្រោលដោយការចាប់អារម្មណ៍យ៉ាងខ្លាំងបំផុត និងបានដើរតាមព្រះយេស៊ូវ ដោយនៅមិនសុខ និងស្តាប់ការបង្រៀនរបស់គ្រូដ៏អស្ចារ្យនោះ។ មានមេលើអ្នកដឹកនាំជាច្រើនបានជឿលើព្រះយេស៊ូវ ប៉ុន្តែគេមិនហានសារភាពដោយភ័យខ្លាចក្រែងត្រូវគេបណ្តេញចេញពីព្រះវិហារ។ ពួកសង្គ្រាជនិងចាស់ទុំបានសំរេចចិត្តថា ត្រូវតែធ្វើនុយដើម្បីទាក់ទាញមនុស្សចេញពីព្រះយេស៊ូវ។ គេព្រួយបារម្ភខ្លាចក្រែងមនុស្សទាំងអស់ជឿលើទ្រង់។ គេអាចឃើញថាមិនមានសុវត្ថិភាពដល់ពួកគេឡើយ។ ពួកគេត្រូវតែបាត់បង់តួនាទី ឬត្រូវតែធ្វើគុតព្រះយេស៊ូវ។ ប៉ុន្តែក្រោយពីគេធ្វើគុត ព្រះយេស៊ូវមក ក៏នៅតែមានអ្នកដែលនឹកចាំពីអំណាចរបស់ទ្រង់ដែរ។ ព្រះយេស៊ូវបានលើកឡាសារពីស្លាប់។ ហើយគេបារម្ភថា ប្រសិនបើគេធ្វើគុតព្រះយេស៊ូវ ឡាសារអាចធ្វើបន្ទាល់ពីអំណាចរបស់ទ្រង់។ មនុស្សម្នាបានចោមរោមមើលឡាសារដែលបានប្រោសអោយរស់ឡើងវិញ ហើយអ្នកដឹកនាំបានសំរេចចិត្តថា នឹងសម្លាប់ឡាសារចោលដែរ ព្រមទាំងកំចាត់ការភ្ញាក់ផ្អើលនោះចេញ។ ពេលនោះគេអាចបង្វែរមនុស្សមករក ប្រពៃណី និងគោលលទ្ធិរបស់មនុស្សវិញអោយថ្វាយដង្វាយដប់ហូតមួយ ពីជីអង្កាម និងជីរនាងល័ក្ខណ៍ ហើយនឹងមានឥទ្ធិពលទៅលើពួកគេជាថ្មីឡើងវិញ។ គេបានយល់ព្រមគ្នាថានឹងចាប់ព្រះយេស៊ូវនៅពេលដែលទ្រង់គង់នៅតែមួយអង្គឯង ព្រោះ ប្រសិនបើគេចាប់ទ្រង់នៅចំពោះមុខហ្វូងមនុស្ស នៅពេលដែលគំនិតរបស់មនុស្សទាំងឡាយកំពុងតែចាប់អារម្មណ៍ទៅលើទ្រង់ នោះពួកគេនឹងត្រូវហ្វូងមនុស្សគប់នឹងថ្មជាមិនខាន។ យូដាសបានដឹងអំពីវិធីដែលអាចចាប់ព្រះយេស៊ូវបាន ហើយយល់ព្រមក្បត់ទ្រង់ជាមួយនឹងសម្តេចសង្ឃនិងពួកនាហ្មឺន ដោយសារប្រាក់បន្តិចបន្តួច។ ការ ស្រឡាញ់ប្រាក់របស់គាត់ បានដឹកនាំគាត់អោយយល់ព្រមឃុបឃិតប្រគល់ព្រះអម្ចាស់របស់គាត់ទៅក្នុងកណ្ដាប់ដៃនៃសត្រូវដ៏ជូរចត់របស់ទ្រង់។ សាតាំងបានធ្វើការយ៉ាងធំចំពោះមុខ ជាមួយយូដាស ហើយនៅពាក់កណ្តាលឆាកដ៏គួរឱ្យរំភើបនៃបុណ្យរំលងចុងក្រោយបង្អស់ វាបានប្រឌិតផែនការដើម្បីចាប់ព្រះយេស៊ូវ។ ព្រះយេស៊ូវបានមានបន្ទូលប្រាប់ដល់ពួកសាវកទាំងក្រៀមក្រំថា នៅយប់នោះ ពួកគេទាំងអស់នឹងបោះបង់ ទ្រង់។ ប៉ុន្តែពេត្រុសប្រកែកយ៉ាងដាច់អហង្កាថា ទោះបីជាគេទាំងអស់គ្នាបោះបង់ចោលទ្រង់ក៏ដោយ ក៏គាត់មិនបោះបង់ទ្រង់ដែរ។ ព្រះយេស៊ូវបានមានបន្ទូលទៅកាន់ពេត្រុសថា សាតាំងចង់បានអ្នកហើយដើម្បីអោយវាអាចព្រោះអ្នកដូចជាគ្រាប់ពូជ ប៉ុន្តែខ្ញុំបានអធិស្ឋានអោយអ្នកដើម្បីកុំអោយជំនឿអ្នកត្រូវដួលឡើយ ហើយនៅពេលដែលអ្នកបានដឹងខ្លួនឡើង អ្នកអាចជួយចំរើនកម្លាំងដល់បងប្អូនអ្នកផង។ GCKh 30.1

    ពេលនោះ ខ្ញុំបានឃើញព្រះយេស៊ូវនៅក្នុងសួនច្បារជាមួយនឹងពួកសាវក។ នៅក្នុងការក្រៀមក្រំជាទីបំផុត ព្រះអង្គបានប្រាប់អោយពួកគេចាំយាម និងអធិស្ឋានដើម្បីកុំអោយត្រូវល្បួង។ ព្រះយេស៊ូវបានជ្រាបថាសេចក្ដីជំនឿរបស់ពួកគេប្រុងប្រៀបជាស្រេច តែសាច់ឈាមនៅខ្សោយទេ ហេតុដូច្នេះពួកគេត្រូវការកម្លាំងទាំងអស់នេះ ដោយការប្រុងប្រៀប និងការអធិស្ឋានយ៉ាងខ្ជាប់ខ្ជួន។ ព្រះយេស៊ូវបានអធិស្ឋាន ដោយយំស្រែកថា ព្រះវរបិតាអើយ បើសិនជាបាន សូមអោយពែងនេះរំលងពីទូលបង្គំ ទៅ តែសូមកុំតាមចិត្តទូលបង្គំឡើយ គឺតាមព្រះហឫទ័យទ្រង់វិញ។ ព្រះរាជបុត្រា របស់ព្រះបានអធិស្ឋានដោយការឈឺចាប់ជាខ្លាំង។ តំណក់ញើសធំៗដូចជាគ្រាប់ឈាមបានហូរចេញពីព្រះភ័ក្ត្រទ្រង់ធ្លាក់ទៅលើដី។ ទេវតាបានបន្ទាបខ្លួនមកជិតកន្លែងនោះ ដើម្បីមើលទស្សនីយភាពដែលមានតែម្នាក់គត់ ដែលត្រូវបានត្រាស់បង្គាប់អោយចំរើន កម្លាំងដល់ព្រះរាជបុត្រានៃព្រះនៅក្នុងការឈឺចាប់របស់ទ្រង់។ ទេវតាទាំងឡាយនៅស្ថានសួគ៌ បានដោះមកុដនិងទំលាក់ពិណចោល ហើយបានសំឡឹងមើលទៅឯព្រះយេស៊ូវ ដោយការចាប់អារម្មណ៍យ៉ាងជ្រៅនិងស្ងៀមស្ងាត់។ គ្មានអំណរនៅស្ថានសួគ៌ឡើយ។ ពពួកទេវតាប្រាថ្នាចង់ចោមរោមព្រះរាជបុត្រានៃព្រះ ប៉ុន្តែមេលើពួកទេវតាទាំងនោះ ត្រាស់បង្គាប់មិនអោយទៅឡើយ ទុកអោយពួកលោកនៅសំឡឹងមើលការឈឺចាប់របស់ទ្រង់ ពពួកលោកអាចរំដោះទ្រង់បាន តែផែនការបានរៀបចំជាស្រេច ហើយផែនការនោះត្រូវតែបានសំរេច។GCKh 31.1

    បន្ទាប់ពីព្រះយេស៊ូវបានអធិស្ឋានមក ទ្រង់បានយាងទៅមើលពួកសាវក។ ពួកគេកំពុងដេកលក់។ ទ្រង់គ្មានការកំសាន្តចិត្តដោយការអធិស្ឋានពីអ្នកណាឡើយ នៅក្នុងឱកាសដ៏គួរអោយខ្លាចនោះ សូម្បីតែពួកសាវកក៏គ្មានដែរ។ ពេត្រុសដែលបានការពារទ្រង់កាលពីមុនបន្តិចនេះ បានដេកលក់សូន្យឈឹង។ ព្រះយេស៊ូវបានរំឭកដល់ពួកគេដោយប្រកាសជាវិជ្ជមាន ដោយបានមានព្រះបន្ទូលទៅកាន់ពួកគេថា ដូច្នេះ តើអ្នករាល់គ្នាចាំយាមជាមួយនឹងខ្ញុំតែមួយម៉ោងមិនបានទេឬអី? ព្រះរាជបុត្រានៃព្រះ អធិស្ឋានដោយការឈឺចាប់បីដង នៅពេលដែលយូដាសនិងពួកទាហានបានមកដល់។ គាត់បានជួបព្រះយេស៊ូវ ហើយគោរពទ្រង់ដូចធម្មតា។ ពួកទាហានក៏បានព័ទ្ធព្រះយេស៊ូវ ប៉ុន្តែនៅទីនោះ ទ្រង់បានបញ្ចេញអំណាចជាព្រះរបស់ទ្រង់ ដោយមានបន្ទូលថា តើអ្នករកអ្នកណា រកខ្ញុំឬអី?។ ពួកទាហានដួលផ្ងាទៅលើដី។ ព្រះយេស៊ូវបានធ្វើការនេះ ដើម្បីអោយពួកគេបានឃើញអំណាចរបស់ទ្រង់ និងជាភស្តុតាងថា ទ្រង់អាចរំដោះអង្គ ទ្រង់ចេញពីពួកគេបាន ប្រសិនបើទ្រង់ចង់គេចព្រះកាយ។GCKh 32.1

    ពួកសាវកគេមានសង្ឃឹមឡើងវិញ ដោយគេបានឃើញហ្វូងទាហានដែលមានទាំងដំបង និងដាវ ដួលយ៉ាងរហ័សបែបនេះ។ នៅពេលដែលពួកគេក្រោកឡើង ហើយហុំព័ទ្ធព្រះរាជបុត្រានៃព្រះម្ដងទៀត ពេត្រុសបានដកដាវ កាត់ដាច់ស្លឹកត្រចៀកទាហានម្នាក់។ ព្រះយេស៊ូវបានបង្គាប់អោយគាត់ទុកដាវទៅវិញ ហើយមានបន្ទូលទៅគាត់ថា តើអ្នកស្មានថាខ្ញុំមិនអាចនឹងសូមដល់ព្រះវរបិតាឥឡូវ ដែលទ្រង់នឹងចាត់ទេវតា១២កងមកខ្ញុំជាមួយរំពេចទេឬអី? ខ្ញុំបានឃើញថា នៅពេលដែលព្រះអង្គមានបន្ទូលនូវពាក្យទាំងនេះ ទឹកមុខរបស់ពួកទេវតាមានភាពរឹតតែមាំឡើង។ ពេលនោះ លោកចង់ទៅចោមរោមមេបញ្ជាការរបស់លោក និងកំចាត់កងទ័ពឃោរឃៅនោះ។ ប៉ុន្តែភាពក្រៀមក្រំបានធ្លាក់មកលើទេវតាទាំងនោះម្ដងទៀត នៅពេលដែលព្រះយេស៊ូវបានមានព្រះបន្ទូលបន្ថែមថា បើយ៉ាងនោះ ធ្វើដូចម្តេចនឹងបានសំរេចតាមគម្ពីរដែលថាត្រូវតែកើតមានដូច្នេះ? ចិត្តរបស់ពួកសាវកបានស្រុតចុះទៅវិញដោយការអស់សង្ឃឹម និងការខកចិត្តយ៉ាងជូរចត់ នៅពេលដែលព្រះយេស៊ូវប្រាប់ឱ្យទាហាននាំទ្រង់ចេញទៅ។GCKh 33.1

    ពួកសាវកគេមានការភ័យខ្លាចចំពោះអាយុជីវិតរបស់គេ គេនាំគ្នារត់ចែកផ្លូវគ្នា ហើយទុកអោយព្រះយេស៊ូវនៅតែមួយអង្គឯង។ ឱ! នោះគឺជា ជោគជ័យដ៏ធំរបស់សាតាំង។ ហើយគឺជាការក្រៀមក្រំនិងសោកស្តាយជាទីបំផុតដល់ទេវតារបស់ព្រះ។ ទេវតាបរិសុទ្ធជាច្រើនកង ដែលមានទេវតាខ្ពស់ៗ ជាមេគ្រប់គ្រង ត្រូវបានចាត់អោយទៅមើលទស្សនីយភាពនោះ។ លោកត្រូវកត់ត្រានូវរាល់សកម្មភាព រាល់ការប្រមាថ និងការឃោរឃៅ ដែលគេបានធ្វើមកលើព្រះរាជបុត្រានៃព្រះ និងចុះក្នុងបញ្ជីនូវរាល់ការឈឺចាប់ខាងផ្លូវចិត្តដែលព្រះយេស៊ូវបានទទួល ដ្បិតមនុស្សទាំងឡាយនឹងឃើញបញ្ជីទាំងនោះម្ដងទៀត នៅក្នុងគ្រារស់ឡើងវិញ។GCKh 33.2

    ________________________________________
    សូមអាន ម៉ាថាយ ២៦:១-៥៦ ម៉ាកុស ១៤:១-៥២ លូកា ២២:១-៤៦ យ៉ូហានជំពូក ១១, ១២:១-១១, ១៨:១-១២។
    GCKh 33.3