Loading...
Larger font
Smaller font
Copy
Print
Contents
Great Controversy 1858 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First
    Larger font
    Smaller font
    Copy
    Print
    Contents

    ជំពូកទី២៨ - សាររបស់ទេវតាទីបី

    នៅពេលដែលការងាររបស់ព្រះយេស៊ូវបានចប់នៅទីបរិសុទ្ធ ហើយបានយាងចូលទៅក្នុងទីបរិសុទ្ធបំផុត ហើយបានឈរនៅមុខហិបដែលមានបញ្ញត្តិរបស់ព្រះ ទ្រង់បានចាត់ទេវតាដ៏មានចេស្ដាមួយអង្គទៀតជាមួយនឹងព្រះរាជសារទីបី។ ទ្រង់បានដាក់ភ្លើងនៅក្នុងព្រះហស្តរបស់ទេវតា ហើយនៅពេលដែលលោកបានចុះទៅកាន់ផែនដីដោយចេស្ដា និងអំណាច លោកបានប្រកាសការព្រមានដ៏គួរអោយភ័យខ្លាច ជាការគំរាមដ៏រន្ធត់ដែលមិនធ្លាប់កើតមានដល់មនុស្ស។ ដំណឹងត្រូវបានរៀបចំឡើងដើម្បីដាក់ កូនចៅរបស់ព្រះអោយនៅក្នុងការថែរក្សារបស់ទ្រង់ និងបង្ហាញគេអំពីពេលវេលានៃ សេចក្ដីល្បួង និងការទង្គឹះចិត្តដែលនៅចំពោះពួកគេ។ ទេវតាបានមានបន្ទូលថា ពួកគេត្រូវបាននាំមកជិតការប្រយុទ្ធជាមួយសត្វនោះនិងរូបវាហើយ។ សេចក្ដីសង្ឃឹមតែមួយគត់អំពីជីវិតអស់កល្បរបស់គេ គឺការប្រកាន់ជំហរខ្ជាប់ខ្ជួន។ ទោះបីជាជីវិតរបស់គេត្រូវប្រឈមទល់នឹងបង្គោលភ្នក់ភ្លើងក៏ដោយ ក៏គេត្រូវតែប្រកាន់ជំហរនៃសេចក្ដីពិតខ្ជាប់ខ្ជួនដែរ។ ទេវតាទីបីបិទសាររបស់លោកដោយព្រះបន្ទូលបែបយ៉ាងនេះ “នេះគឺជាការ អត់ធ្មត់របស់ពួកបរិសុទ្ធ គឺជាអ្នកដែលកាន់គ្រប់ទាំងបញ្ញត្តិរបស់ព្រះ និងស្មោះត្រង់ជាមួយនឹងព្រះយេស៊ូវ”។ នៅពេលដែលលោកមានបន្ទូលពាក្យទាំងនេះម្ដងទៀត លោកបានចង្អុលទៅកាន់ទីបរិសុទ្ធនៃស្ថានសួគ៌។GCKh 143.2

    គំនិតរបស់អ្នកដែលទទួលដំណឹងនេះ ត្រូវបានទេវតាតម្រង់ទៅទីបរិសុទ្ធបំផុតដែលព្រះយេស៊ូវឈរនៅពីមុខហិបសញ្ញា ធ្វើការទូលអង្វរជាគ្រាចុងក្រោយបង្អស់ និងសំរាប់អ្នកដែលល្មើសនឹងបញ្ញត្តិរបស់ព្រះដោយធ្វើព្រងើយកន្តើយ។ ការលោះអោយធួននឹងបាបនេះ ត្រូវបានធ្វើឡើងសម្រាប់អ្នកសុចរិតដែលបានស្លាប់ព្រមទាំងអ្នកសុចរិតដែលនៅរស់ផងដែរ។ ព្រះយេស៊ូវបានលោះអោយធួននឹងបាបសំរាប់អ្នកបានស្លាប់ហើយ ហើយបានធ្វើបាបដោយមិនដឹងខ្លួនដោយមិនបានទទួលពន្លឺពីបញ្ញត្តិរបស់ព្រះ។GCKh 144.1

    បន្ទាប់ពីព្រះយេស៊ូវបានបើកទ្វារទីបរិសុទ្ធបំផុត គេបានឃើញពន្លឺនៃថ្ងៃបរិសុទ្ធ ហើយរាស្ត្ររបស់ព្រះត្រូវបានព្រះសាកល្បង និងបានដកពិសោធដូចជាព្រះបានសាកល្បងសាសន៍អ៊ីស្រាអែលជំនាន់ដើមដើម្បីឱ្យឃើញថា តើពួកគេគោរពច្បាប់របស់ទ្រង់ឬទេនោះដែរ។ ខ្ញុំបានឃើញទេវតាទីបី បានចង្អុលឡើងលើបង្ហាញដល់ពួកអ្នកដែលខកចិត្តអំពីទីបរិសុទ្ធបំផុតនៅទីបរិសុទ្ធនៃស្ថានសួគ៌។ ពួកគេបានដើរតាមព្រះយេស៊ូវ ដោយសេចក្ដីជំនឿ ចូលទៅក្នុងទីបរិសុទ្ធបំផុត។ គេបានឃើញព្រះយេស៊ូវម្ដងទៀតហើយអំណរ និងសេចក្ដីសង្ឃឹមបានពន្លកឡើងវិញ។ ខ្ញុំបានឃើញគេមើលទៅខាង ក្រោយដើម្បីរំលឹកពីអតីតកាល តាំងពីការប្រកាសពីព្រឹត្តិការណ៍នៃការយាងមកលើកទីពីររបស់ព្រះយេស៊ូវ រហូតដល់ការធ្វើដំណើររបស់គេទៅកាន់ការឆ្លងពេលវេលានៅឆ្នាំ១៨៤៤។ គេឃើញការខកចិត្តរបស់គេបានពន្យល់ ហើយក្តីអំណរនិងការប្រាកដប្រជាធ្វើអោយគេមានសកម្មភាពឡើងវិញ។ ទេវតាទីបីបានបំភ្លឺពីអតីតកាលបច្ចុប្បន្នកាល និងអនាគតកាល ហើយគេបានដឹងថា ព្រះបានដឹកនាំគេដោយទិព្វញ្ញាណដ៏អាថ៌កំបាំងរបស់ទ្រង់យ៉ាងពិតប្រាកដ ។GCKh 144.2

    ខ្ញុំត្រូវបានបង្ហាញថា រាស្ត្រសំណល់បានដើរតាមព្រះយេស៊ូវចូលទៅក្នុងទីបរិសុទ្ធបំផុត ហើយបានមើលហិបសញ្ញា និងទីសណ្ដោសប្រោស ហើយមានការចាប់អារម្មណ៍នឹងសិរីល្អយ៉ាងខ្លាំង។ ព្រះយេស៊ូវបានបើកគំរបហិបសញ្ញា ហើយមើលហ្ន៎! បន្ទះថ្មដែលមានក្រិត្យវិន័យដប់ប្រការបានសរសេរនៅលើនោះ។ គេបានតាមដានទៅឯសង្ឃពីបុរាណ ប៉ុន្តែគេបានញ័ររន្ធត់ នៅពេលដែលគេឃើញក្រិត្យវិន័យទីបួនបាននៅក្នុងចំណោមបញ្ញត្តិទាំងដប់ នៅពេលដែលពន្លឺដ៏ត្រចះត្រចង់បានចាំងមកលើក្រិត្យវិន័យ ទីបួននោះខ្លាំងជាងក្រិត្យវិន័យប្រាំបួនដទៃទៀត និងរង្វង់នៃសិរីល្អព័ទ្ធជុំវិញក្រិត្យវិន័យទីបួននោះ។ គេរកមិនឃើញមានអ្វីដែលផ្តល់ពតមានដល់គេថា ថ្ងៃបរិសុទ្ធត្រូវបានលុបចោល ឬផ្លាស់ប្ដូរទៅថ្ងៃទីមួយនៃសប្តាហ៍វិញនោះឡើយ។ វាមានអក្សរដូចកាលដែលព្រះបានមានបន្ទូលដោយមោះមុត និងភាពរុងរឿងគួរអោយរន្ធត់នៅលើភ្នំនៅពេល ដែលមានផ្លេកបន្ទោរ ផ្គរលាន់ និងរន្ទះដូចកាលដែលទ្រង់បានសរសេរនៅលើបន្ទះថ្ម ដោយអង្គុលីដ៏បរិសុទ្ធរបស់ទ្រង់ផ្ទាល់ដូច្នោះដែរ។ ក្នុងរវាងប្រាំមួយថ្ងៃ ឯងអាចធ្វើការ របស់ឯងបាន តែដល់ថ្ងៃទីប្រាំពីរ គឺជាថ្ងៃឈប់សំរាកថ្វាយព្រះយេហូវ៉ាជាព្រះនៃឯងវិញ។ គេបានភ្ញាក់ផ្អើលនៅពេលគេឃើញការថែរក្សាក្រិត្យវិន័យដប់ប្រការ។ គេឃើញថាបន្ទះថ្មក្រិត្យវិន័យបានដាក់នៅជិតព្រះយេហូវ៉ាគ្របបាំងនិងការពារដោយភាពបរិសុទ្ធ របស់ទ្រង់។ គេឃើញថា គេបានជាន់ឈ្លីលើក្រិត្យវិន័យទីបួននៃបញ្ញត្តិដប់ប្រការ ហើយបានគោរពថ្ងៃមួយដែលអ្នកមិនជឿព្រះ និងប៉ាបបានផ្តល់អោយជំនួសថ្ងៃដែលព្រះយេហូវ៉ា បានញែកចេញនោះវិញ។ គេបានបន្ទាបខ្លួនគេនៅចំពោះព្រះ ហើយកាន់ទុក្ខ (យំសោក) ចំពោះការទទឹងច្បាប់កន្លងមករបស់គេ។GCKh 145.1

    ខ្ញុំបានឃើញកំញាណ នៅក្នុងផ្សែងនៃអាសនាគ្រឿងក្រអូប នៅពេលដែលព្រះយេស៊ូវបានថ្វាយការលន់តួទោសរបស់ពួកគេទៅឯព្រះវរបិតាទ្រង់។ ហើយនៅពេលដែលវាបានឡើងទៅលើ ពន្លឺដ៏ភ្លឺបាននៅលើព្រះយេស៊ូវ ហើយគេបានដឹងខ្លួនគេ អំពីការរំលងបញ្ញត្តិរបស់ព្រះ ហើយទឹកមុខរបស់គេបានបំភ្លឺដោយក្តីសង្ឃឹម និងក្ដីអំណរ។ គេបានរួបរួមជាមួយនឹងការងាររបស់ទេវតាទីបី ហើយបានបន្លឺសំឡេងឡើង និងប្រកាសការព្រមានដ៏ធំ។ ប៉ុន្តែដំបូងឡើយ មានមនុស្សតិចតួចទេដែលទទួលដំណឹងនោះតែពួកគេនៅតែបន្តប្រកាសការព្រមាននោះ។ បន្ទាប់មកខ្ញុំបានឃើញមនុស្សជាច្រើនទទួលដំណឹងរបស់ទេវតាទីបី ហើយបានស្រែករួមគ្នាជាមួយនឹងអ្នកប្រកាសដំណឹងពីដំបូងហើយគេបានលើកដំកើងព្រះ និងបង្ហាញទ្រង់ដោយគោរពថ្ងៃឈប់សំរាកដែលទ្រង់បានញែក។GCKh 146.1

    អ្នកដែលបានទទួលដំណឹងទីបីជាច្រើន មិនបានដឹងពីដំណឹងទីមួយ និងទីពីរទេ។ សាតាំងបានយល់អំពីរឿងនេះ ហើយភ្នែកដ៏អាក្រក់របស់វា បានសំឡឹងមើលទៅលើពួកគេ ប៉ុន្តែទេវតាទីបី បានចង្អុលបង្ហាញគេពីទីបរិសុទ្ធបំផុត ហើយអ្នកដែលបានដឹងពីដំណឹងមុនៗបានចង្អុលបង្ហាញផ្លូវទៅកាន់ទីបរិសុទ្ធនៅស្ថានសួគ៌។ មនុស្សជាច្រើនបានឃើញច្រវាក់នៃសេចក្ដីដ៏គ្រប់ល័ក្ខណ៍នៅក្នុងសាររបស់ទេវតាទាំងបី ហើយបានទទួល ដោយអំណរ។ គេបានជឿដំណឹងទាំងនោះតាមលំដាប់របស់វា ហើយបានដើរតាមព្រះយេស៊ូវដោយសេចក្ដីជំនឿចូលទៅក្នុងទីបរិសុទ្ធនៅស្ថានសួគ៌។ ដំណឹងនេះត្រូវបាន បង្ហាញដល់ខ្ញុំដូចជាយុថ្កការសំរាប់ទប់រាងកាយ។ ហើយនៅពេលដែលមានមនុស្សទទួល និងយល់ពីដំណឹងនោះ ពួកគេបានទទួលការការពារប្រឆាំងនឹងកលល្បិចជាច្រើនរបស់សាតាំង។GCKh 146.2

    បន្ទាប់ពីការខកចិត្តដ៏ធំ នៅឆ្នាំ១៨៤៤មក សាតាំងនិងទេវតារបស់វា ធ្វើការរាយអន្ទាក់ដើម្បីបំផ្លាញជំនឿរបស់ពួកជំនុំយ៉ាងមមាញឹក។ វាបានបំភ័ន្តគំនិតរបស់អ្នក ដែលមានបទពិសោធន៍ផ្ទាល់ទាក់ទងនឹងរឿងនេះ។ វាបានលេចឡើងក្នុងរូបរាងនៃការបន្ទាបខ្លួន។ វាបានផ្លាស់ប្ដូរដំណឹងទីមួយ និងទីពីរ និងទីបី និងបានបង្ហាញពីអនាគតសំរាប់ការសំរេចរបស់គេនៅពេលអ្នក្មដទៃបានចង្អុលត្រឡប់ក្រោយក្នុងអតីតកាលដែលអះអាងថា គេបានបំពេញរួចស្រេចហើយ។ មនុស្សទាំងនេះបានដកគំនិតមិនជឿចេញ និងលើកជំនឿរបស់គេឡើង។ ខ្លះបានស្រាវជ្រាវព្រះគម្ពីរដោយខ្លួនឯង ដើម្បីព្យាយាមស្ថាបនាជំនឿរបស់គេឡើងចេញពីពួកជំនុំ។ សាតាំងបានសំដែងសេចក្ដីដ៏រីករាយជាខ្លាំងចំពោះរឿងនេះ ព្រោះវាបានដឹងថា អ្នកដែលរបូតពីយុថ្កកា វាអាចបំភ័ន្តដោយការខុសឆ្គងជាច្រើននិងបោកបក់ដោយខ្យល់នៃគោលលទ្ធិ។ មនុស្សជាច្រើនដែលបានដឹកនាំក្នុងដំណឹងទីមួយ និងទីពីរ បានបដិសេធដំណឹងនោះ ហើយការបែកខ្ញែកខ្ចាត់ខ្ចាយ បានកើត ឡើងពាសពេញពួកជំនុំ។ ពេលនោះ ខ្ញុំបានឃើញ វីលៀមមីលើរ។ មើលទៅគាត់អន្ទះសារហើយឱនចុះ ដោយសេចក្ដីទុក្ខព្រួយ និងកង្វល់ ពីព្រោះតែរាស្ត្ររបស់គាត់។ គាត់បានឃើញក្រុមដែលបានរួបរួមគ្នា និងស្រឡាញ់គ្នា នៅឆ្នាំ១៨៤៤ បានបាត់បង់សេចក្ដីស្រឡាញ់រវាងគ្នានិងគ្នា ហើយបានប្រឆាំងគ្នាទៅវិញទៅមក។ គាត់បានឃើញ គេបានត្រឡប់ទៅរកសណ្ឋាននៃការក្បត់ជំនឿវិញ។ ទុក្ខព្រួយយ៉ាងខ្លាំងបានបន្ថយកម្លាំងរបស់គាត់។ ខ្ញុំបានឃើញពួកអ្នកដឹកនាំបានឃ្លាំមើលលោក វីលៀមមីលើរ ខ្លាចក្រែង គាត់នឹងទទួលដំណឹងរបស់ទេវតាទីបី និងក្រិត្យវិន័យរបស់ព្រះ។ ហើយនៅពេលដែល គាត់លំអៀងទៅរកពន្លឺពីស្ថានសួគ៌ ពួកមនុស្សទាំងនោះបានរៀបចំផែនការដើម្បីទាញគំនិតរបស់គាត់ចេញ។ ខ្ញុំបានឃើញឥទ្ធិពលរបស់មនុស្សបានខំប្រឹងរក្សាគំនិតរបស់គាត់នៅក្នុងភាពងងឹត និងទុកឥទ្ធិពលរបស់គាត់ក្នុងចំណោមពួកគេ នៅក្នុងរយៈពេលដែល វីលៀមមីលើរបានបំពងសំឡេងរបស់គាត់ទាស់នឹងពន្លឺស្ថានសួគ៌។ គាត់បានបរាជ័យ ក្នុងការមិនទទួលដំណឹងដែលនឹងបានពន្យល់យ៉ាងច្បាស់ពីការខកចិត្តរបស់គាត់ ហើយចោលពន្លឺនិងសិរីល្អពីអនាគតដែលនឹងបានរំឭកឡើងវិញនូវកម្លាំងដ៏ខ្សោះល្វើយរបស់គាត់ ធ្វើអោយសេចក្ដីសង្ឃឹមរបស់គាត់បានភ្លឺឡើង និងបានដឹកនាំគាត់អោយសរសើរដំកើងព្រះ។ ប៉ុន្តែគាត់បានលំអៀងទៅខាងប្រាជ្ញារបស់មនុស្សជាជាងព្រះវិញ និងបាន បំបែកដោយការងារដ៏ពិបាកក្នុងបុព្វហេតុនៃចៅហ្វាយរបស់គាត់ ហើយដោយសារអាយុ គាត់មិនមានតម្លៃដូចជាអ្នកដែលបានរក្សាគាត់ពីសេចក្ដីពិតឡើយ។ គេជាអ្នកទទួលខុសត្រូវ ហើយអំពើបាបក៏ធ្លាក់មកលើពួកគេ។ ប្រសិនបើ វីលៀមមីលើរបានទទួលសាររបស់ទេវតាទីបី រឿងរ៉ាវជាច្រើននៃការងងឹត និងការអាថ៌កំបាំងសំរាប់គាត់នឹងបានពន្យល់។ បងប្អូនរបស់គាត់បានប្រកាសសេចក្ដីស្រឡាញ់យ៉ាងជ្រាលជ្រៅ និង ការចាប់អារម្មណ៍បែបនេះសំរាប់គាត់ គាត់បានគិតថាគាត់មិនបែកចេញពីពួកគេឡើយ។ ចិត្តរបស់គាត់បានទោរទៅរកសេចក្ដីពិត ប៉ុន្តែពេលនោះគាត់បានសំឡឹងមើលទៅបងប្អូនគាត់។ គាត់បានប្រឆាំងនឹងសេចក្ដីពិតនោះ។ តើគាត់អាចបែកចេញពីអ្នកដែលបានឈរទឹមស្មាជាមួយគាត់ក្នុងការប្រកាសអំពីការយាងមករបស់ព្រះយេស៊ូវឬទេ? គាត់បានគិតថា ពួកគេពិតជាមិនអាចនាំអោយគាត់វង្វេងឡើយ។GCKh 147.1

    ព្រះបានបណ្តោយគាត់អោយនៅក្រោមអំណាចរបស់សាតាំង ហើយសេចក្ដីស្លាប់មានអំណាចលើគាត់។ ទ្រង់បានលាក់គាត់ទុកក្នុងផ្លូវអោយឆ្ងាយពីអ្នកដែលទាញគាត់ចេញពីព្រះឥតឈប់ឈរ។ លោកម៉ូសេបានប្រព្រឹត្តខុសនៅពេលដែលគាត់ហៀប នឹងបានចូលទៅក្នុងដែនដីដែលព្រះបានសន្យា។ ហើយខ្ញុំក៏បានឃើញថា វីលៀមមីលើរបានប្រព្រឹត្តខុសនៅពេលដែលគាត់ហៀបនឹងបានចូលទៅក្នុងទឹកដីកាណាននៃស្ថានសួគ៌ ដូចគ្នាដែរ ហើយដោយបណ្ដោយឱ្យឥទ្ធិពលរបស់គាត់ប្រឆាំងនឹងសេចក្ដីពិត។ មនុស្សដទៃទៀតបានដឹកនាំគាត់ទៅកាន់ចំណុចនេះ។ ខ្លះទៀតត្រូវតែទទួលខុសត្រូវចំពោះរឿងនេះ។ ប៉ុន្តែទេវតាបានរក្សាធូលីដីនៃរាស្ត្ររបស់ទ្រង់ ហើយគេនឹងក្រោកឡើងនៅពេលឮសំឡេងត្រែចុងក្រោយបង្អស់។GCKh 148.1

    ________________________________________
    សូមអាន និក្ខមនំ ២០:១-១៧, ៣១:១៨ ថែស្សាឡូនីច ទី១ ៤:១៦ វិវរណៈ ១៤:៩-១២។
    GCKh 149.1

    Larger font
    Smaller font
    Copy
    Print
    Contents