Loading...
Larger font
Smaller font
Copy
Print
Contents
ករចប់ផ្តើមៃនទីបញចប់ (ភគទី១) - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First
    Larger font
    Smaller font
    Copy
    Print
    Contents

    ៥ ឩសភា

    ទាក់ទងនឹងស្តេចផារ៉ោន ព្រះបានប្រកាសថា “តែអញនឹងធ្វើឱ្យផារ៉ោន មានចិត្តរឹងទទឹង នោះទ្រង់មិនព្រមបើកឱ្យបណ្តាជនចេញទៅទេ” និក្ខមនំ ៤:២១។ គ្មានអំណាចដ៏អស្ចារ្យអ្វីធ្វើឱ្យចិត្តស្តេច ផារ៉ោនរឹងរូសទេ ប៉ុន្តែ គ្រាប់ពូជនៃការមិនស្តាប់បង្គាប់ដែលសាតាំងបានសាបព្រោះ នៅខណៈដែលទ្រង់បានបដិសេធការអស្ចារ្យរបស់ព្រះ លើកដំបូងបានបង្កើតផលផ្លែនៃការរឹងរូសនោះ។ នៅពេលដែលទ្រង់ហ៊ានបន្តការរឹងទទឹងពីមួយទៅមួយទៀត ចិត្តរបស់ទ្រង់កាន់តែរឹងឡើង រហូតដល់ព្រះទ្រង់បណ្តាលឱ្យទ្រង់ទតមើលព្រះភក្រ្តស្លេកស្លាំងនៃសពបុត្រាច្បងរបស់ទ្រង់។PPKh1 259.1

    ការកើនឡើងនៃចិត្តរឹងចចេស

    ព្រះមានបន្ទូលបន្ទោសអំពើបាប មកកាន់យើងតាមរយៈពួកអ្នកបម្រើរបស់ទ្រង់។ ប្រសិនបើអ្នកណាមិនព្រមឱ្យព្រះកែតម្រូវ នោះអំណាចរបស់ព្រះមិនចូលមកជួយការពារអ្នកនោះឱ្យរួចពីលទ្ធផលនៃសកម្មភាពរបស់ខ្លួនឡើយ។ មនុស្សបែបនេះកំពុងតែធ្វើឱ្យចិត្តគេរឹង ទាស់នឹងព្រះវិញ្ញាណបរិសុទ្ធហើយ។ PPKh1 259.2

    អស់អ្នកណាដែលចុះចាញ់សេចក្តីល្បួងលើកទីមួយនឹងចាញ់ល្បួងនៅលើកទីពីរកាន់តែងាយ។ ការធ្វើបែបនេះម្តងហើយម្តងទៀត នឹងធ្វើឱ្យអំណាចការតស៊ូទប់ទល់កាន់តែចុះខ្សោយទៅៗ ធ្វើឱ្យភ្នែកទៅជាងងឹត និងខ្ទប់ដង្ហើមនៃសេចក្តីជំនឿ។ កិច្ចការរបស់ព្រះមិនមានការអស្ចារ្យដើម្បីការពារ នឹងផលផ្លែនៃទង្វើនោះឡើយ “ដ្បិតពូជណាដែលមនុស្សព្រោះចុះ នោះនឹងច្រូតបានពូជនោះឯងវិញ” កាឡាទី ៦:៧។ តាមរបៀបនេះ មនុស្សជាច្រើនស្តាប់សេចក្តីពិតដោយពិបាក ព្រោះមានចិត្តរឹងដូចថ្ម។ ពួកគេបានសាបព្រោះការមិនយកចិត្តទុកដាក់និងការប្រឆាំង ទៅនឹងសេចក្តីពិត ហើយនោះឯងជាផលផ្លែដែលគេប្រមូលផលបាន។PPKh1 259.3

    មនុស្សខ្លះរំងាប់មនសិការដែលមានទោសរបស់ខ្លួនដោយគំនិតថា “ខ្ញុំអាចផ្លាស់ប្តូរការអាក្រក់របស់ខ្ញុំបាន ប្រសិនបើខ្ញុំចង់”។ ពួកគេគិតថា បន្ទាប់ពីទម្លាក់ឥទ្ធិពលរបស់គេទៅខាងការប្រឆាំងបះបោរដ៏ធំ នោះពួកគេអាចផ្លាស់ប្តូរអ្នកដឹកនាំ នៅពេលដែលគ្រោះថ្នាក់នៅព័ទ្ធជុំវិញគេ ប៉ុន្តែ នោះមិនមែនជាការងាយនឹងធ្វើទេ។ ជីវិតដែលស្រឡាញ់អំពើបាបបានធ្វើជាគំរូយ៉ាងរឹងមាំដូចជាគេចាក់ពុម្ព ដល់អត្តចរិត ធ្វើឱ្យពួកគេមិនអាចទទួលរូបអង្គរបស់ព្រះយេស៊ូបានឡើយ។ ប្រសិនបើគ្មានពន្លឺចែងចាំងមកលើផ្លូវរបស់គេទេ នោះសេចក្តីមេត្តាករុណានឹងចូលមកធ្វើអន្តរាគមន៍ តែគេមិនបានចាប់យកពន្លឺនោះទេ ហើយពន្លឺនោះក៏ត្រូវបានដកយកទៅវិញ។ ប៉ុន្តែ បន្ទាប់ពីពួក គេបានស្អប់ពន្លឺយ៉ាងយូរមក ទីបំផុត ពួកគេនឹងទៅជាងងឹតជាក់ជាមិនខាន។PPKh1 260.1

    បន្ទាប់មកទៀត សេចក្តីវេទនាជាព្រិលបានធ្លាក់មកគំរាមកំហែងដល់ស្តេចផារ៉ោន។ “ដូច្នេះ ចូរចាត់គេឱ្យទៅនាំអស់ទាំងហ្វូងសត្វ របស់ឯងទាំងប៉ុន្មានដែលនៅឯវាលចូលមកជាប្រញាប់ ដ្បិតអស់ទាំងមនុស្សនិងសត្វទាំងប៉ុន្មានដែលនៅវាល ដែលមិនបានប្រមូលមកក្នុងផ្ទះ នោះនឹងត្រូវព្រិលធ្លាក់មកលើ ស្លាប់ទាំងអស់”។ គេមិនដែលឃើញព្យុះព្រិលធំបែបនេះនៅប្រទេសអេស៊ីព្ទទេ។ គេបានផ្សព្វផ្សាយដំណឹងនេះយ៉ាងរហ័ស នៅពាសពេញទាំងប្រទេស ហើយអស់អ្នកដែលជឿព្រះបន្ទូលរបស់ព្រះបានប្រមូលគោរបស់គេចូលក្នុងផ្ទះ ខណៈដែលអ្នកមិនស្តាប់ការព្រមាននេះបានទុកសត្វរបស់គេនៅឯទីវាលវិញ។ ដូច្នេះ នៅកណ្តាលការជំនុំជម្រះ ព្រះបានបង្ហាញសេចក្តីមេត្តាករុណារបស់ទ្រង់ ហើយការនេះបង្ហាញពីចំនួនមនុស្ស ដែលត្រូវបានដឹកនាំឱ្យកោតខ្លាចព្រះ។PPKh1 260.2

    ព្យុះបានធ្លាក់មក មានទាំងផ្គររន្ទះ ព្រិល និងភ្លើងលាយជាមួយផង “ដល់ម៉្លេះបានជាតាំងពីស្រុកអេស៊ីព្ទកើតឡើងជានគរ នោះមិនដែលមាននៅក្នុងស្រុកដូច្នោះឡើយ។ នៅគ្រប់ក្នុងស្រុកអេស៊ីព្ទ ព្រិលនោះបានធ្លាក់មកត្រូវរបស់ទាំងអស់នៅទីវាល តាំងពីមនុស្សរហូតដល់សត្វ ក៏ធ្លាក់មកបំផ្លាញអស់ទាំងដំណាំនៅវាលដែរ ហើយបំបាក់អស់ទាំងដើមឈើនៅចំការផង”។ ក្រោយពីការបំផ្លាញរបស់ទេវតានោះមក ស្រុកនោះនៅសល់តែបំណែកបាក់បែកនិងភាពខ្តេចខ្ទីប៉ុណ្ណោះ។ មានតែទឹកដីកូសែនប៉ុណ្ណោះដែលគ្មានព្រិល។ PPKh1 261.1

    Larger font
    Smaller font
    Copy
    Print
    Contents